បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេស រុស្ស៊ី បានធ្វើតេស្តលើការត្រៀមលក្ខណៈ នៃប្រព័ន្ធការពារដែនអាកាស នៅតំបន់គ្រីមា ជាឧបទ្វីបមួយដែលខ្លួនបានយកពីអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធនៅក្នុងឆ្នាំ២០១៤ ស្របពេលដែលអ៊ុយក្រែននិងបណ្ដា ប្រទេសសមាជិកណាតូ បា្ររព្ធធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ។
សមយុទ្ធ Sea Breeze ដែលបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទនេះ គឺធ្វើឡើដោយក្រោយមានការតានតឹងកើនឡើង រវាងអង្គការណាតូនិងទីក្រុងមូស្គូ ដែលបាននិយាយកាលពីសប្ដាហ៍មុនថា ខ្លួនបានបាញ់ព្រមាននិង ទម្លាក់គ្រាប់បែកលើផ្លូវឆ្លង កាត់របស់នាវាចម្បាំងអង់គ្លេស ដើម្បីដេញវាចេញពីដែនទឹកសមុទ្រខ្មៅនៅក្បែរតំបន់គ្រីមា។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សម្តីកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីថា ខ្លួនបានប្រើប្រាស់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រមាណ២០គ្រឿង ដែលរួមមានទាំងយន្តហោះទម្លាក់គ្រាប់ Su-24M ព្រមទាំងប្រព័ន្ធការពារមីស៊ីល S-400 និងប្រព័ន្ធមីស៊ីលបាញ់ពីដីទៅក្នុងអាកាស នៅក្នុងការតេស្តពីការត្រៀមលក្ខណៈ។
គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានចាត់ទុកតំបន់គ្រីមាន ជាផ្នែកនៃប្រទេសរុស្ស៊ី ប៉ុន្តែឧបទ្វីបនេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកនៃទឹកដីរបស់ប្រទេសអ៊ុយក្រែន ដែលកំពុងមានបំណងចង់ដណ្ដើមយកវាមកពីរុស្ស៊ីវិញ៕
ប្រែសម្រួល៖ប៉ាង កុង