ព័ត៌មានអន្តរជាតិ

អូស្រាលី ប្ដឹងទៅអង្គការពាណិជ្ជកម្ម ពិភពលោក ជុំវិញពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃ ដែលកំណត់ដោយចិន

ស៊ីដនី ៖ ក្រសួងការបរទេស និងពាណិជ្ជកម្ម របស់ប្រទេសអូស្រ្តាលី បានឲ្យដឹងថា ប្រទេសអូស្រ្តាលី បានដាក់ពាក្យបណ្តឹង ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញពន្ធប្រឆាំង នឹងការលក់បង្ខូចថ្លៃ ដែលបានកំណត់ ដោយប្រទេសចិន លើស្រាអូស្ត្រាលី។

ក្រសួងបានបញ្ជាក់ថា ខ្លួនបានដាក់ពាក្យបណ្តឹងនៅថ្ងៃទី២២ ខែមិថុនា ហើយបានឲ្យដឹងថា ខ្លួនអះអាងថា“ វិធានការប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការប្រឆាំងនឹងផលិតផលស្រា នៅអូស្ត្រាលី គឺមិនសមហេតុផលនោះទេ” ។

ករណីនេះគឺជាបណ្តឹងទី ២ ហើយដែលទីក្រុងកង់បេរ៉ា បានដាក់នៅឯស្ថាប័នពាណិជ្ជកម្មពិភពលោក ប្រឆាំងនឹងទីក្រុងប៉េកាំង បន្ទាប់ពីមួយកាលពីខែធ្នូ លើពន្ធនាំចូលស្រូវសាលី ដែលបង្ហាញពីការកើនឡើង នូវភាពតានតឹងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។

អង្គការពាណិជ្ជកម្មពិភពលោក បានឲ្យដឹងថាអង្គការនេះនឹងផ្តល់ឱ្យអូស្ត្រាលី និងចិន ៦០ ថ្ងៃដើម្បីពិភាក្សា អំពីបញ្ហានេះ និងស្វែងរកដំណោះស្រាយ។ ប្រសិនបើភាគីទាំងពីរ ខកខានក្នុងការដោះស្រាយជម្លោះ អូស្រ្តាលី អាចស្នើសុំការកាត់ក្តីពីក្រុមប្រឹក្សា អង្គការពាណិជ្ជកម្មពិភពលោក។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ាបានបន្តមានភាពជូរចត់ ជាពិសេស បន្ទាប់ពីប្រទេសអូស្ត្រាលី កាលពីដើមឆ្នាំមុន បានអំពាវនាវឱ្យមានការពិនិត្យឡើងវិញ ដោយឯករាជ្យទៅនឹងប្រភពដើម នៃជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញ ដំបូងនៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន នៅចុងឆ្នាំ ២០១៩ ៕
ដោយ ឈូក បូរ៉ា

To Top