បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ូឡូញនិងប្រទេសអេស្តូនីលោក Zbigniew Rau និង Eva maria Liimets បានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារម្សិលមិញនេះដោយជ្រើសយកប្រធាន អំពិបញ្ហាសេដ្ឋកិច្ចនិងចំនងទំនាក់ទំនងទ្វេរភាគីផងដែរ។
លោក Rau បានថ្លែងនៅក្នុងសេចក្តីប្រកាសជារួមមួយ នៅក្រោយកិច្ចប្រជុំថា៖ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងជិត៤ដងគិតចាប់តាំង តែពីប្រទេសទាំងពីរបានចូលរួមនៅក្នុងប្លុកអ៊ឺរ៉ុបជាលើកដំបូង។
នៅក្នុងកិច្ចប្រជុំរួមគ្នានោះផងដែរ រដ្ឋមន្ត្រីទាំងពីររូប ក៏បានពិភាក្សាគ្នាទៅលើបញ្ហានៃគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ រួមទាំងផ្លូវដែក Baltica ដែលរំពឹងទុកថានឹងក្លាយទៅជាមធ្យោបាយសម្រួលដល់ពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ Baltics ។
ក្រៅពីនោះប៉ូឡូញនិងអេស្តូនីក៏បានពិភាក្សាគ្នា ទៅលើបញ្ហាកើនឡើងនៃការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេតនិងផែនការបង្កើន ការសហប្រតិបត្តិការគ្នា ទៅលើវិស័យបច្ចេកវិទ្យាព័ត៌មានដើម្បីការពារទៅលើសកម្មភាពទាំងនោះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី