ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Raytheon នឹងអភិវឌ្ឍន៍ មីស៊ីលនុយក្លេអ៊ែ វាយប្រហាររយៈចម្ងាយឆ្ងាយ Standoff ក្នុងកុងត្រា ២ពាន់លានដុល្លារ

បរទេស៖មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ បានប្រគល់កុងត្រាមួយឲ្យទៅក្រុមហ៊ុនការពារជាតិ Raytheon មានទំហំជាទឹកប្រាក់រហូតដល់ទៅចំនួន២ពាន់លានដុល្លារ ដើម្បីឲ្យធ្វើការអភិវឌ្ឍមីស៊ីលសមត្ថភាពនុយក្លេអ៊ែថ្មីមួយ។

កុងត្រា ដែលត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នោះ ស្នើឲ្យធ្វើការអភិវឌ្ឍមីស៊ីលថ្មីនេះរហូតដល់ឆ្នាំ២០២៧ ជាពេលការតេស្តសាងល្បងការហោះហើររបស់វាដំបូងអាចនឹងកើតមានឡើង ហើយការសម្រេចចិត្តស្តីពីផលិតកម្មវា អាចនឹងត្រូវបានធ្វើឡើង។

គួរបញ្ជាក់ថា ស៊ែរីនៃអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ Long-Range Standoff ដែលបាញ់ចេញពីអាកាសនេះ នឹងយកមកប្រើជំនួសមីស៊ីលវាយប្រហារពីអាកាស AGM-86 ដែលដាក់ប្រើការដំបូងក្នុងឆ្នាំ១៩៨២។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងាររសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កងកម្លាំងទ័ពអាកាសអាមេរិកបាននិយាយដូច្នេះថា មីស៊ីល AGM-86 ត្រូវបានដាក់ប្រើប្រតិបត្តិការ នៅដើមទសវត្សឆ្នាំ១៩៨០ ជាមួយជីវិតនៃការរចនាផលិតរយៈពេល១០ឆ្នាំ៕ប្រែសម្រួល៖ប៉ាង កុង

To Top