បរទេស៖ អ្នកស្រុកនិងប្រព័ន្ធផ្សព្វផ្សាយ ភាសាមីយ៉ាន់ម៉ា បានឱ្យដឹងនៅថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ២៥ នាក់ កាលពីថ្ងៃសុក្រ នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយក្រុមប្រឆាំងរបបយោធា នៅទីក្រុងមួយ នៅកណ្តាលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យយោធា មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទដែលស្នើសុំការអត្ថាធិប្បាយ អំពីអំពើហឹង្សានៅ ទីប្រជុំជន Depayin ក្នុងតំបន់ Sagaing ដែលមានចំងាយប្រហែល ៣០០ គីឡូម៉ែត្រខាងជើង ទីក្រុងរ៉ង់ហ្គូន នោះទេ។
កាសែត Global New Light របស់មីយ៉ាន់ម៉ាដែលគ្រប់គ្រង ដោយរដ្ឋបាននិយាយថា ក្រុមភេរវករប្រដាប់អាវុធ បានស្ទាក់កងសន្តិសុខ ដែលបានល្បាតនៅទីនោះ ដោយបានសម្លាប់ពួកគេម្នាក់ និង ធ្វើឲ្យរបួស ៦ នាក់។ កាសែតនោះបានផ្សាយថា អ្នកវាយប្រហារបានដកថយវិញ បន្ទាប់ពីការសងសឹក ពីសំណាក់កម្លាំងសន្តិសុខ៕ ប្រែសម្រួលៈ ណៃ តុលា