ព័ត៌មានអន្តរជាតិ

Update: ហ្វីលីពីន បញ្ជាឲ្យធ្វើ ការស៊ើបអង្កេត ក្រោយគ្រោះថ្នាក់ យន្តហោះយោធា ស្លាប់៥០នាក់



ម៉ានីល៖ អាជ្ញាធរហ្វីលីពីន នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានបញ្ជាឲ្យបើក ការស៊ើបអង្កេតមួយ ចំពោះគ្រោះថ្នាក់យន្តហោះកងកម្លាំងទ័ពអាកាសមួយគ្រឿង ដែលបានរត់ធ្លាក់ផ្លូវ សម្លាប់ទាហានជិះ នៅលើនោះចំនួន ៤៧នាក់ និងជនស៊ីវិល នៅលើដីចំនួន៣នាក់ និងរបួសមនុស្សជាច្រើននាក់។

លោកឧត្តមសេនីយ៍ Edgard Arevalo ជាមន្ត្រីនាំពាក្យយោធា បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានថា “យើងប្តេជ្ញាស្វែងរក ឲ្យឃើញនូវអ្វី ដែលបានកើតឡើង ហើយយើងនឹងកំណត់នូវ អ្វីដែលបណ្ដាលឲ្យវាកើតឡើង។ យើងនឹងធ្វើរឿងនោះ ដើម្បីប្រាកដចិត្តថា ហេតុការណ៍ដូចនេះនឹងមិនកើតមានជាថ្មីម្តងទៀត”។

យន្តហោះដឹកជញ្ជូនយោធា Lockheed C-130 បានជួបគ្រោះថ្នាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ស្របពេលដែល វាព្យាយាមចុះចត នៅលើផ្លូវរត់ ដ៏ខ្លីមួយនៅទីក្រុង Patikul ក្នុងខេត្ត Sulu ដែលជាទីឈរជើងមួយ របស់ពួកសកម្មប្រយុទ្ធមូស្លីម មានចម្ងាយជាង៩០០គីឡូម៉ែត្រខាងត្បូងរដ្ឋធាន ម៉ានីល។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន THE STRAITSTIMES នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា យន្តហោះយោធានោះ មានផ្ទុកទាហានចំនួន៩៦នាក់ រួមទាំង ពីឡុតចំនួន៣នាក់ផង៕

ប្រែសម្រួល៖ប៉ាង កុង

To Top