បរទេស៖ កងកម្លាំងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន រៀបចំផែកការប្រឆាំង ការវាយលុក នៅតាមបណ្ដាខេត្តភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន ក្រោយបាត់បង់ទី គ្រប់គ្រង ឲ្យទៅពួកតាលីបង់ នេះបើតាមសម្តីទីប្រឹក្សាមួយរូប របស់លោកប្រធានាធិបតី Ashraf Ghani និយាយនៅថ្ងៃចន្ទនេះ។
ទីប្រឹក្សាសន្តិសុខជាតិ លោក Hamdullah Mohib ដែលកំពុងនៅក្នុងទីក្រុង មូស្គូ នាថ្ងៃចន្ទនេះ សម្រាប់កិច្ចពិភាក្សាគ្នាជាំមួយមន្ត្រីសន្តិសុខជាន់ខ្ពស់ បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA នៅក្នុងបទសម្ភាសន៍មួយថា កងកម្លាំងរដ្ឋាភិបាល មិនបានរំពឹងថា មានការវាយលុកពីពួកតាលីបង់ ប៉ុន្តែនឹងធ្វើការវាយបកវិញ។
ចំណែកទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ក្រសួងការបរទេសរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ផ្សេងមួយ នៅថ្ងៃចន្ទនេះថា កុងស៊ុលរុស្ស៊ី នៅក្នុងទីក្រុង Mazar-i-Sharif ស្ថិតនៅប្រទេសអាហ្វហ្គានីស្ថាន ភាគខាងជើង កំពុងតែផ្អាកការងាររបស់ខ្លួន ដោយសារមានក្តីព្រួយបារម្ ភពីសន្តិសុខ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ កំពុងតែដំណើរការប្រើប្រាស់ នូវមូលដ្ឋានយោធាមួយ នៅក្នុងប្រទេសតាជីហ្គីស្ថាន ដែលជាអតីតសាធារណរដ្ឋ សូវៀតមួយ មានព្រំដែនជាប់នឹង ប្រទេសអាហ្វហ្គានីស្ថាន៕