បរទេស៖ កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន រៀបចំផែកការប្រឆាំង ការវាយលុក នៅតាមបណ្ដាខេត្តភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន ក្រោយបាត់បង់ទីគ្រប់គ្រង ឲ្យទៅពួកតាលីបង់ នេះបើតាមសម្តីទីប្រឹក្សាមួយរូប របស់លោកប្រធានាធិបតី Ashraf Ghani និយាយនៅថ្ងៃចន្ទនេះ។
ទីប្រឹក្សាសន្តិសុខជាតិ លោក Hamdullah Mohib ដែលកំពុងនៅក្នុងទីក្រុងមូស្គូ នាថ្ងៃចន្ទនេះ សម្រាប់កិច្ចពិភាក្សាគ្នា ជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់ បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី RIA នៅក្នុងបទសម្ភាសន៍មួយថា កងកម្លាំងរដ្ឋាភិបាល មិនបានរំពឹងថា មានការវាយលុកពីពួកតាលីបង់ ប៉ុន្តែនឹងធ្វើការវាយបកវិញ។
ចំណែកទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ក្រសួងការបរទេសរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ផ្សេងមួយ នៅថ្ងៃចន្ទនេះថា កុងស៊ុលរុស្ស៊ី នៅក្នុងទីក្រុង Mazar-i-Sharif ស្ថិតនៅប្រទេសអាហ្វហ្គានីស្ថាន ភាគខាងជើង កំពុងតែផ្អាកការងាររបស់ខ្លួន ដោយសារមានក្តីព្រួយបារម្ភ ពីសន្តិសុខ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ កំពុងតែដំណើរការប្រើប្រាស់ នូវមូលដ្ឋានយោធាមួយ នៅក្នុងប្រទេសតាជីហ្គីស្ថាន ដែលជាអតីតសាធារណរដ្ឋសូវៀតមួយ មានព្រំដែនជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន៕
ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
