ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ គឺឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលឆ្លងវីរុស កូវីដ១៩

បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នឹងស្នាក់នៅផ្ទះមួយសប្តាហ៍ បន្ទាប់ពីលោកបានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សម្នាក់ ដែលពេលក្រោយមកបានធ្វើតេស្ត៍វិជ្ជមានមេរោគកូវីដ១៩ ក្នុងកំឡុងព្រឹត្តិការណ៍ដែលប្រារព្ធធ្វើដើម្បីកត់សម្គាល់ការបើកឡើងវិញនូវកោះភូកេត ដើម្បីទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការរោគរួច។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃចន្ទថា លោកនាយករដ្ឋមន្រ្តីដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញជាមួយថ្នាំវ៉ាក់សាំង AstraZeneca នឹងបន្តធ្វើការជាធម្មតាក្នុងនោះ មានទាំងការតាមដានស្ថានភាពជំងឺឆ្លងផងដែរ។

លោក Anucha បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លទ្ធផលមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ចាប់តាំងពីការធ្វើតេស្តទើបតែត្រូវបានធ្វើឡើងលើគាត់ ។ លោកប្រាយុទ្ធ នឹងនៅតែបំពេញភារកិច្ចរបស់គាត់ជាធម្មតា ហើយតាមដានការអភិវឌ្ឍឱ្យបានដិតដល់»។

ទីលំនៅរបស់ឧត្តមសេនីយ៍ប្រាយុទ្ធស្ថិតនៅក្នុងបរិវេណកងវរសេនាធំទ័ពថ្មើរជើងទី ១១ នៅក្នុងទីក្រុង បាងកក កន្លែងដែលគាត់ស្នាក់នៅតាំងពីគាត់ជាមន្រ្តីយោធាជាន់ខ្ពស់៕

ប្រែសម្រួលៈ ណៃ តុលា

To Top