បរទេស ៖ មន្ត្រីនៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធម្សិលមិញនវ បានអញ្ជើញគណៈប្រតិភូតាលីបង់ និងអ្នកនយោបាយ អាហ្វហ្គានីស្ថាន ឲ្យទៅទីក្រុងតេអេរ៉ង់ ដើម្បីពិភាក្សា ពីកិច្ចពិភាក្សាសន្តិភាព ព្រោះបច្ចុប្បន្ននេះ ការដកទ័ពរបស់អាមេរិក ចេញពីអាហ្វហ្គានីស្ថាន ជិតចប់សព្វគ្រប់ហើយ ។
យោងតាម សេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចពិភាក្សា សន្តិភាព ដ៏ភ្ញាក់ផ្អើលនេះ គឺជាកិច្ចពិភាក្សាដ៏សំខាន់ដំបូង ក្នុងរយៈពេលជាច្រើនខែ រវាងមន្ត្រីអាហ្វហ្គានីស្ថាន និងពួកតាលីបង់ ។
គណៈប្រតិភូពួកតាលីបង់ គឺត្រូវបានដឹកនាំដោយប្រធាន មន្ត្រីចរចា លោក Sher Mohammad Abbas Stanikzai ចំណែកគណៈប្រតិភូ របស់អាហ្វហ្គានីស្ថាន រួមមានទាំងអតីត អនុប្រធានាធិបតី លោក Younus Qanooni និងសមាជិក នៃឧត្តមប្រឹក្សាទទួលបន្ទុកកិច្ច ការផ្សះផ្សារជាតិ របស់ទីក្រុងកាប៊ុល ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាគ្នានៅក្នុងប្រទេសអ៊ីរ៉ង់នេះ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលមួយថ្ងៃ បន្ទាប់ពីយោធាសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ការដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន គឺបានសម្រេចរួចរាល់ប្រហែល ៩០ភាគរយហើយ ៕ប្រែសម្រួល៖ប៉ាង កុង