ហ្គាហ្សា ៖ ក្រុមហាម៉ាស ដែលជាអ្នកគ្រប់គ្រង តំបន់ហ្គាហ្សាស្ទ្រីប បានព្រមានកាលពីថ្ងៃពុធថា ការបិទផ្លូវ របស់អ៊ីស្រាអែល លើដែនដីប៉ាឡេស្ទីន ប្រសិនបើនៅតែបន្ត នឹងនាំឱ្យមានភាពតានតឹងឡើងវិញ នៅក្នុងតំបន់។
អ្នកនាំពាក្យ របស់ក្រុមហាម៉ាសលោក Abdulatif al-Qanoua បានលើកឡើងថា“ ការរឹតត្បិតរបស់អ៊ីស្រាអែល ទៅលើច្រកឆ្លងកាត់ និងការពន្យាពេលក្នុងការ ចូលទំនិញការកសាងឡើងវិញ និងការអនុញ្ញាតិឱ្យ មានជំនួយឥត សំណងកាតា នឹងបង្កើនភាពតានតឹង ដែលមានរួចហើយ នៅតំបន់ហ្គាហ្សា” ។
នាថ្ងៃទី២១ ឧសភា ប្រទេសអេហ្ស៊ីប បានធ្វើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបញ្ចប់ការប្រយុទ្ធគ្នា រយៈពេល ១១ ថ្ងៃ ដែលបានសម្លាប់ប្រជាជន ប៉ាឡេស្ទីន ជាង ២៥០ នាក់ និងអ៊ីស្រាអែល ១៣ នាក់។
លោក al-Qanoua បានលើកឡើងថា“ ជំរើសទាំងអស់ គឺបើកចំហដើម្បីបំបែកការឡោមព័ទ្ធហើយអ្នកកាន់កាប់អ៊ីស្រាអែល ត្រូវតែឆ្លើយតបទៅនឹង ការទាមទាររបស់ប្រជាជន ប៉ាឡេស្ទីន” ដោយបន្ថែមថា ប្រជាជនប៉ាឡេស្ទីនមានសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយ និងឧបករណ៍ដើម្បីទប់ទល់ នឹងការកាន់កាប់នេះ ។
លោក Al-Qanoua ក៏បានអំពាវនាវដល់អ្នកសម្រុះសម្រួល បង្កើនសម្ពាធរបស់ពួកគេ លើអ៊ីស្រាអែល ដើម្បីដកការរឹតបន្តឹង ដែលបានដាក់លើតំបន់ហ្គាហ្សា ។
ទន្ទឹមនឹងនេះដែរលោកបានបន្ថែមថា ក្រុមហាម៉ាស បដិសេធមិនភ្ជាប់ ការកសាងឡើងវិញ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងកិច្ចព្រមព្រៀង ដោះដូរអ្នកទោស ជាមួយអ៊ីស្រាអែលនោះទេ។
លោក al-Qanoua ពន្យល់ថា “ក្រុមហាម៉ាសបានត្រៀមឆ្លងកាត់ផ្លូវចំនួន ពីរដាច់ដោយឡែកពីគ្នា។ ទីមួយ គឺធ្វើឱ្យមានស្ថេរភាពបទឈប់បាញ់ហើយទីពីរ គឺត្រូវឈានដល់កិច្ចព្រមព្រៀងដោះដូរ អ្នកទោសជាមួយអ៊ីស្រាអែល” ៕ដោយ ឈូក បូរ៉ា