ព័ត៌មានអន្តរជាតិ

ពិព័រណ៍ «ប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិន» បង្ហាញពីដំណើរតស៊ូ ដ៏មហស្ចារ្យរបស់ បក្សកុម្មុយនិស្តចិនក្នុងរយៈពេល មួយសតវត្សរ៍ និងមាគ៌ាអភិវឌ្ឍន៍ ដ៏ត្រឹមត្រូវរបស់ ប្រទេសចិន

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់មានប្រសាសន៍ថា «ត្រូវយកប្រវត្តិសាស្ត្រធ្វើជាកញ្ចក់(មេរៀន) ដើម្បីត្រួសត្រាយអនាគត» ។ ជាក់ស្តែង ដូចអ្វីដែលយើងគ្រប់គ្នាបានឃើញនឹងភ្នែកហើយថា បក្សកុម្មុយនិស្តចិនបានចងចាំនិងរៀនសូត្រពីប្រវត្តិសាស្ត្រជាប់រហូតមក និងកសាងប្រទេសជាតិដែលមានអនាគតដ៏បវររុងរឿង ។

ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកម្មុយនិស្តចិន និងដើម្បីបន្សល់ទុកនូវតឹកតាងប្រវត្តិសាស្ត្រឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់នេះនិងកូនចៅជំនាន់ក្រោយៗឱ្យស្វែងយល់ច្បាស់ពីប្រវត្តិតស៊ូដ៏អង់អាចក្លាហាន មោះមុតមិនងាករេ ស៊ូបូជាឈាមស្រស់និងលះបង់ជីវិតដើម្បីជាតិមាតុភូមិនិងប្រជាជនរបស់អ្នកបដិវត្តន៍ជាន់មុននៃបក្សកុម្មុយនិស្តចិន សាលពិព័រណ៍ដ៏ស្កឹមស្កៃមួយបានលេចចេញជារូបរាងនៅក្បែរកីឡដ្ឋានជាតិនាក្រុងប៉េកាំង ដែលរំលេចដោយតួអក្សរចិនពណ៌ក្រហមធំៗមានន័យថា «សាលពិព័រណ៍ប្រវត្តិសាស្ត្របក្សកុម្មុយនិស្តចិន» ។

ដើរចូលក្នុងសាលពិព័រណ៍នេះ យើងនឹងត្រូវបានទាក់ទាញក្រសែភ្នែកដោយការរចនានៃតួសំណង់ដែលប្រកបដោយរចនាបថពិសេសរបស់ប្រទេសចិន ។ រូបថតជាង ២.៦០០ សន្លឹក ឯកសារនិងវត្ថុប្រវត្តិសាស្ត្រជាង ៣.៥០០ និងវីដេអូឯកសារជាច្រើន ហាក់ដូចជាកង់ប្រវត្តិសាស្ត្រដែលបានរំកិលទៅមុខបន្តិចម្តងៗ ទាក់ទាញអារម្មណ៍របស់ទស្សនិកជនឱ្យដើរតាមដានប្រវត្តិសាស្ត្រនៃបក្សកម្មុយនិស្តចិន ដើម្បីបានជ្រួតជ្រាបពីការពិតក្នុងប្រវត្តិសាស្ត្ររបស់គណបក្សនយោបាយធំជាងគេនិងមានវ័យដ៏ចំណាស់លើពិភពលោកមួយនេះ ។

តាមរយៈការទស្សនា យើងនឹងយល់ដឹងពីប្រវត្តិខិតខំតស៊ូឥតឈប់ឈរ ប្រវត្តិមិនខ្លាចការពលី ប្រវត្តិស្វែងរកទ្រឹស្តីពិត ប្រវត្តិស្វែងរកសុភមង្គលជូនប្រជាជន និងកិច្ចកសាងសមត្ថភាពរបស់បក្សកុម្មុយនិស្តចិន ដែលនឹងញ៉ាំងឱ្យយើងបានយល់ដឹងកាន់តែស៊ីជម្រៅថា ភាពជោគជ័យនៃការបង្កើតបក្សកុម្មុយនិស្តចិន ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងការបង្កើតរបបសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិន សុទ្ធតែទទួលបានមកដោយមិនងាយស្រួលនោះទេ ។

ពិសេសគឺភាពយន្តស៊្រីឌីដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតក្នុងព្រឹត្តិការណ៍«មហាដំណើរ»(The Long March) ដែលជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។

កងទ័ពក្រហមនៃបក្សកុម្មុយនិស្តចិនធ្វើដំណើរកាត់ព្យុះភ្លៀង កាត់ព្រឹលទឹកកក កាត់ព្រៃស្តុក កាត់ទឹកទន្លេបឹងបួ ជ្រលងភ្នំ ជ្រោះជ្រៅរាប់មិនអស់ សរុបចម្ងាយផ្លូវជាង ២៥.០០០ គីឡូម៉ែត្រ តស៊ូប្រយុទ្ធជាង ៣៨០ លើក ពលីជីវិតវីរជនច្រើនសន្ធឹក ទើបទទួលបានជោគជ័យក្នុងការរំដោះប្រជាជនទូទាំងប្រទេស ។

ដំណើរដ៏សែនជូរចត់និងលំបាកវេទនានៃ«មហាដំណើរ»នេះ ជួនធ្វើឱ្យទស្សនិកជនមានអារម្មណ៍ភ័យព្រួយ ក្តុកក្តួលទៅតាមសាច់រឿង ជួនធ្វើឱ្យមានភាពរំជើបរំជួលស្រស់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រមនឹងទះដៃសាទរនៅពេលដែលកងទ័ពក្រហមនៃបក្សកុម្មុយនិស្តចិនទទួលបានជ័យជម្នះនៅទីបំផុត ។

ជាការពិតណាស់ ភាពជោគជ័យនីមួយៗសុទ្ធតែបង្កើតឡើងពីបាតដៃទទេ និងត្រូវឆ្លងកាត់ឧបសគ្គរាប់មិនអស់ ។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា បុគ្គលម្នាក់បើចង់ទទួលបានជោគជ័យក្នុងជីវិត តើត្រូវខិតខំតស៊ូពុះពារការលំបាកយ៉ាងណាទើបអាចសម្រេចក្តីបំណងរបស់ខ្លួនបាន ចុះទម្រាំការរំដោះប្រទេសមួយ ដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោក ការស្តារប្រទេសជាតិឡើងវិញ ការក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ការឆ្ពោះទៅរកភាពសម្បូរសប្បាយ សុខក្សេមក្សាន្ត តើសមាជិកបក្សកុម្មុយនិស្តចិនត្រូវបូជាឈាមស្រស់និងអាយុជីវិតច្រើនប៉ុនណា ?

ពាក្យចាស់ពោលថា ៖ «ស្បែកជើងពាក់ត្រូវឬមិនត្រូវជើង មានតែអ្នកពាក់ខ្លួនឯងទេដែលដឹងច្បាស់ » ។ ជាការពិតណាស់ ពេលយើងលស្បែកជើង អ្នកដទៃគ្រាន់តែអាចផ្តល់យោបល់ថាស្បែកជើងនោះស្អាតឬមិនស្អាត ពាក់ទៅសមឬមិនសមប៉ុណ្ណោះទេ តែមិនអាចសម្រេចជួសសាមីខ្លួនថាដាច់ខាតត្រូវទិញមួយណានោះឡើយ ។

យ៉ាងណាមិញ ការអភិវឌ្ឍរបស់ប្រទេសមួយ មិនថាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ណាមួយ មិនថារបបនយោបាយអ្វី ឱ្យតែមានប្រជាធិបតេយ្យ ឱ្យតែសមស្របនឹងសភាពការណ៍ជាក់ស្តែងនៃប្រទេសខ្លួន សុទ្ធតែជាមាគ៌ាអភិវឌ្ឍន៍ល្អ ។

ការអភិវឌ្ឍលឿនឬយឺត វាតម្រូវទៅតាមសភាពការណ៍ពិតនិងកត្តាស្មុគស្មាញជាច្រើននៃប្រទេសនីមួយៗ ប៉ុន្តែមិនមែនតម្រូវទៅតាមការយកត្រាប់ទាំងស្រុងតាមរូបមន្តអភិវឌ្ឍន៍របស់ប្រទេសណាមួយឬស្តាប់តាមការ«ប្រៀនប្រដៅ»របស់ប្រទេសណាមួយនោះទេ ។ ការដើរតាមមាគ៌ាអភិវឌ្ឍន៍បែបណា វាជាជម្រើសរបស់ប្រជាជននៃសាមីប្រទេសនោះ ។

ប្រជាជនចិនបានជ្រើសរើសយកបក្សកុម្មុយនិស្តចិន ឯបក្សកុម្មុយនិស្តចិនមិនបានធ្វើឱ្យប្រជាជនខកបំណង នេះបានសបង្ហាញពីមាគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់ប្រទេសចិនដែលបាននាំមកនូវភាពរុងរឿងថ្កុំថ្កើងសម្រាប់ខ្លួនឯងផង ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍរបស់ពិភពលោកផង ៕

(អត្ថបទដោយ ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top