ព័ត៌មានអន្តរជាតិ

ចារកម្មកូរ៉េខាងត្បូង បញ្ជាក់អំពីបញ្ហាសុខភាព ប្រធានាធិបតីកូរ៉េខាងជើង ក្រោយស្រកគីឡូ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយស្រង់សម្តីមន្រ្តីមួយរូបថា សេវាកម្មស៊ើបការណ៍ជាតិរបស់ប្រទេសកូរ៉េខាងត្បូង (NIS ) បានបង្ហាញថា មេដឹកនាំនៃប្រទេសជិត ខាងនៅភាគខាងជើងរបស់ខ្លួន គឺលោកគីមជុងអ៊ុន មិនមានបញ្ហាសុខភាពទេ បើទោះបីជាស្រកទម្ងន់ ១០-២០ គីឡូក្រាម (២២-៤៤ ផោន) ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក៏ដោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Ha Tae-keung សមាជិកគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភា បានប្រាប់អ្នកសារព័ត៌មានថា អស់រយៈពេល ៤ ខែកន្លងមក មេដឹកនាំកូរ៉េខាងជើង បានស្ថិតក្នុងរបបអាហារ (តមអាហារ) ប៉ុន្តែ លោកមានសុខភាពល្អ។

លោក Ha Tae-keung បានដកស្រង់របាយការណ៍សង្ខេបរបស់ NIS ថា “ថ្មីៗនេះ លោក គីម បានស្រកទម្ងន់ពី ១០-២០ គីឡូក្រាម ហើយបន្តចូលរួមសកម្មភាពគ្រប់គ្រងប្រទេសជាធម្មតា” ។

កាសែតកូរ៉េខាងត្បូង Chosun Ilbo ធ្លាប់បានរាយការណ៍ថា លោកគីមមានកម្ពស់ ១៧០ សង់ទីម៉ែត្រ និងមានទម្ងន់ ១៤០ គីឡូក្រាម៕ប្រែសម្រួលៈ ណៃ តុលា

To Top