ព័ត៌មានអន្តរជាតិ

លោក បៃដិន៖ វាអាស្រ័យលើអាហ្វហ្គានីស្ថាន ក្នុងការកំណត់ ពីអនាគតពួកគេ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោកនឹងមិនបញ្ជូនកងកម្លាំងអាមេរិក ជំនាន់ផ្សេងមួយទៀតទៅធ្វើសង្គ្រាម នៅអាហ្វហ្គានីស្ថាននោះឡើយ ដោយសន្យាបញ្ចប់បេសកកម្ម យោធាអាមេរិកនៅទីនោះត្រឹមថ្ងៃទី៣១ ខែសីហា។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានថ្លែងអំពីកិច្ចប្រឹងប្រែងដកទ័ព នៅក្នុងបន្ទប់ខាងកើតនៃសេតវិមាន ដោយឆ្លើយសំនួរពីអ្នកសារព័ត៌មាន និងការពារការសម្រេចចិត្តនៃរដ្ឋបាលរបស់លោក ក្នុងការដកកងទ័ពទាំងស្រុង។

លោក បៃដិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមិនទៅអាហ្វហ្គានីស្ថាន ដើម្បីបង្កើតប្រទេសនោះទេ។ តើមានកូនប្រុសស្រីអាមេរិក ជាងប៉ុន្មានពាន់នាក់ ដែលអ្នកចង់ឲ្យប្រថុយ? តើរយៈពេលប៉ុន្មានដែលអ្នកចង់ឲ្យពួកគេនៅ? វាអាស្រ័យលើជនជាតិអាហ្វហ្គានីស្ថាន ធ្វើការសម្រេចចិត្តស្តីពីអនាគតនៃប្រទេសរបស់ពួកគេ”។

ការផ្តល់នូវបច្ចុប្បន្នភាពថ្មីនេះ គឺត្រូវបានធ្វើឡើងត្រឹមតែពីរថ្ងៃបន្ទាប់ ពីមន្ទីរបញ្ចកោណបាននិយាយថា ការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន បានសម្រេចរួចរាល់ប្រហែល ៩០ភាគរយហើយ ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top