ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចាក់ចេញវិធានការ​ គម្លាតសង្គមយ៉ាងតឹងរឹង ក្នុងទីក្រុង សេអ៊ូល ក្នុងពេលរលក ឆ្លងទី៤ វាយប្រហារ

បរទេស ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់កម្រិតដ៏តឹងរ៉ឹងបំផុត នៃវិធានការគម្លាតសុវត្ថិភាពសង្គម នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ ដែលចាប់ផ្តើមនៅថ្ងៃច័ន្ទ ដើម្បីដោះស្រាយរលកឆ្លងទី ៤ នៃជំងឺរាតត្បាតកូវីដ១៩ ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលនិងសុខុមាលភាពកូរ៉េ បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងសេអ៊ូល និង ខេត្តដែលនៅជាប់នោះ គឺខេត្ត Gyeonggi , ទីក្រុង Incheon នឹងត្រូវដាក់នៅក្រោមកម្រិត ៤ ដែលជាកម្រិតខ្ពស់បំផុត នៅក្នុងប្រព័ន្ធរក្សាគម្លាត សុវត្ថិភាពសង្គម ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃទី ២៥ ខែកក្កដា។

អ្នកឯកទេសខាងវេជ្ជសាស្ត្របាននិយាយថា បទប្បញ្ញត្តិដាច់ខាតអាចរារាំងចំនួន នៃការឆ្លងមេរោគប្រចាំថ្ងៃពីការរីក រាលដាល បន្ថែមទៀតបាន។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពួកគេជឿជាក់ថា រលកនៃការឆ្លងនាពេលបច្ចុប្បន្ន នឹងពិបាកក្នុងការទប់ស្កាត់ ជាងការកើនឡើងពីមុន ដោយលើកឡើងពីកត្តា ជាច្រើនដូចជាវត្តមាននៃវ៉ារ្យ៉ង់ (វីរុសបំលែងខ្លួនថ្មី) និងការកើនឡើងនៃការធ្វើដំណើរក្នុងរដូវវិស្សមកាលរដូវក្តៅ។

ទីភ្នាក់ងារត្រួតពិនិត្យ និងការពារជំងឺកូរ៉េ (KDCA) បានរាយការណ៍ថា មានករណីថ្មីចំនួន ១ ៣១៦ នាក់ នៅ ថ្ងៃព្រហស្បតិ៍ រួមទាំងការឆ្លងវីរុស តាមមូលដ្ឋានចំនួន ១ ២៣៦ នាក់ ដែលបង្កើនចំនួនឆ្លង សរុបដល់ ១៦៤.០២៨ ករណី ៕
ប្រែសម្រួលៈ ណៃ តុលា

To Top