ព័ត៌មានអន្តរជាតិ

ហៃទី ស្នើទៅកងកម្លាំង អាមេរិក និងយូអិន ក្រោយការធ្វើឃាត ប្រធានាធិបតី

បរទេស ៖ យោងតាមលិខិតមួយពីការិយាល័យ នាយករដ្ឋមន្ត្រី ផ្ញើទៅការិយាល័យអង្គការ សហប្រជាជាតិ ប្រទេសហៃទី នាពេលថ្មីៗនេះ បានដាក់សំណើឲ្យអង្គការ សហប្រជាជាតិ បញ្ជូនកងទ័ព ទៅជួយរក្សាសន្តិសុខប្រទេស ក្នុងទម្រង់ ដ៏សំខាន់ជាក់លាក់ ក្រោយមានការធ្វើឃាត លោកប្រធានាធិបតី Jovenel Moise ។

លិខិតដែលចុះថ្ងៃទី០៧ ខែកក្កដា ជាថ្ងៃដែលលោកប្រធានាធិបតី នៃប្រទេសហៃទី ត្រូវបាញ់សម្លាប់ នៅផ្ទះរបស់លោកនោះ បាននិយាយថា គោលបំណង គឺដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ប៉ូលីសជាតិ ដើម្បីរក្សាស្ថិរភាពសន្តិសុខនិងបទបញ្ជាសាធារណៈ នៅក្នុងប្រទេសទាំងមូល ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន National Post នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិមានសមាជិក ១៥ប្រទេស នឹងចាំបាច់ ត្រូវអនុញ្ញាត ដល់ការបញ្ជូនកងកម្លាំងរក្សា សន្តិភាពឬក៏ប៉ូលីស របស់អង្គការសហប្រជាជាតិ ទៅកាន់ប្រទេស ហៃទីនេះ ។

គួរបញ្ជាក់ថា ប៉ូលីសបាននិយាយថា ក្រុមទាហានស៊ីឈ្នួល បរទេស២៨នាក់ ក្នុងនោះមានទាហាន ចូលនិវត្តន៍កូឡំប៊ីមួយរូបផង បានធ្វើឃាត លោកប្រធានាធិបតី Jovenel Moïse កាលពីដើមសប្ដាហ៍នេះ ហើយការបាញ់គ្នា នៅរដ្ឋធានី មនុស្សចំនួន១៧នាក់ Port-au-Prince ត្រូវបានឃាត់ខ្លួន គឺខ្លះឃាត់ខ្លួននៅផ្ទះ ដែលពួកគេកំពុងប្រើប្រាស់ និងផ្សេងទៀតក្រោយពួកគេ ចូលទៅ ក្នុងបរិវេណស្ថានទូតតៃវ៉ាន់ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top