បច្ចុប្បន្នភាព
ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងនៅតំបន់អាស៊ី បានលើកឡើងថា ក្នុងរយៈពេលប្រហែល៥សប្តាហ៍កន្លងមកនេះ ករណីឆ្លងរាលដាលវីរុសCovid-19នៅតាមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដែលនាំអោយមានក្តីបារម្ភកាន់តែខ្លាំងពីផលប៉ះពាល់ផ្នែកសុខភាព និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ។
ក្រុមអ្នកជំនាញដដែលបានបន្តថា ប្រទេស៥ក្នុងចំណោម ប្រទេសជាសមាជិកអាស៊ានទាំង១០ គឺមានប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ និងសហភាពមីយ៉ានម៉ា ជាប្រទេសដែលកំពុងប្រឈមមុខនឹងកំណើនឆ្លងវីរុសCovid-19ប្រចាំថ្ងៃក្នុងកម្រិតខ្ពស់ លាយឡំដោយការឆ្លងរាលដាលវីរុស Covid-19 បម្លែងខ្លួនថ្មីប្រទេស ដែលតា (Delta) ។
ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស ដែលមានករណីឆ្លងវីរុសCovid-19សរុបច្រើនជាងគេ និងមានមនុស្សបាត់បង់ជីវិតសរុបដោយសារវីរុសនេះច្រើនជាងគេ គឺលេខ១ ប្រទេសឥណ្ឌូនេស៊ី លេខ២ហ្វីលីពីន លេខ៣ម៉ាឡេស៊ី លេខ៤តៃ លេខ៥មីយ៉ានម៉ា លេខ៦សិង្ហបុរី លេខ៧កម្ពុជា លេខ៨វៀតណាម លេខ៩ឡាវ និងលេខ១០ព្រុយណេ ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដានេះ ប្រទេសម៉ាឡេស៊ី មានមនុស្សឆ្លងថ្មីនៃវីរុសCovid-19ចំនួន ៣៨ ៣៩១នាក់ និងមានមនុស្សស្លាប់ថ្មីចំនួន ១ ០០៧នាក់ ប្រទេសហ្វីលីពីន មានមនុស្សឆ្លងថ្មីចំនួន ៥ ៩១៦នាក់ និងមានមនុស្សស្លាប់ថ្មីចំនួន ១០៥នាក់ និងប្រទេសម៉ាឡេស៊ី មានមនុស្សឆ្លងថ្មីចំនួន ៩ ១០៥នាក់ និងមានមនុស្សស្លាប់ថ្មីចំនួន៩១នាក់ ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះ ប្រទេសថៃមានមនុស្សឆ្លងថ្មីនៃវីរុសCovid-19ចំនួន ៩ ៥៣៩នាក់ និងមានមនុស្សស្លាប់ថ្មីចំនួន៨៦នាក់ និងសហភាពមីយ៉ានម៉ា មានមនុស្សឆ្លងថ្មីចំនួន ៣ ៤៦១នាក់ និងមានមនុស្សស្លាប់ថ្មីចំនួន ៨២នាក់ និងប្រទេសសិង្ហបុរី មានមនុស្សឆ្លងថ្មីចំនួន ៨នាក់ និងមិនមានមនុស្សស្លាប់ថ្មី ។
ប្រទេសជាសមាជិកអាស៊ានផ្សេងទៀតក្រៅពីនេះ មានប្រទេសកម្ពុជា វៀតណាម ឡាវ និងប្រទេសព្រុយណេ ក៏មានករណីឆ្លងថ្មីប្រចាំថ្ងៃហក់ឡើងខ្ពស់ដែរ ដែលភាគច្រើននៃការឆ្លងប្រចាំថ្ងៃក្នុងកម្រិតខ្ពស់នេះ គឺជាប្រទេសវីរុសCovid-19បម្លែងខ្លួនថ្មីប្រភេទ ដែលតា (Delta) ដែលបានផ្ទុះឡើងនៅប្រទេសឥណ្ឌា ។
សូមរំលឹកជូនថា វីរុសCovid-19បម្លែងខ្លួនថ្មីប្រទេស ដែលតា (Delta) គឺជាវីរុសដែលបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសឥណ្ឌា កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ និងបានឆ្លងរាតត្បាតដល់ប្រទេសប្រមាណជាង១០០ប្រទេសហើយនៅពេល បច្ចុប្បន្ននេះ ខណៈដែលអ្នកជំនាញផ្នែកជំងឺឆ្លង បានបង្ហាញពីក្តីបារម្ភ អំពីឥទ្ធិពលឆ្លងលឿននៃវីរុសបម្លែងខ្លួនថ្មីនេះ ។
អ្នកជំនាញផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក បាននិយាយថា នៅពេលបច្ចុប្បន្ននេះ ពិភពលោកមានវីរុសCovid-19បម្លែងខ្លួនថ្មីចំនួន៥ប្រភេទ គឺប្រទេសឥណ្ឌាមាន២ប្រភេទ ដែលតា (Delta) និង ដែលតា ផ្លឺស (Delta plus) ចក្រភពអង់គ្លេស មានអាល់ហ្វា (Alpha) អាហ្វ្រិកខាងត្បូងមាន បេតា (Beta) និងប្រេស៊ីល មានហ្កាំម៉ា (Gamma) ។
ក្នុងចំណោមវីរុសCovid-19បម្លែងខ្លួនថ្មីទាំង៥ប្រភេទនេះ មានតែវីរុសបម្លែងខ្លួនថ្មីនៅប្រទេសឥណ្ឌាទេ ដែលមានឥទ្ធិពលឆ្លងលឿនជាងគេ និងមានផលប៉ះពាល់ដល់អ្នកជំងឺខ្លាំងជាងគេ ហើយវីរុសCovid-19បម្លែងខ្លួនថ្មី ដែលតា នេះ កំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅតាមបណ្តាប្រទេសនៅតំបន់អាស៊ាន ដូចជម្រាមជូនខាងលើ ។
អ្នកជំនាញផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក ធ្លាប់បានបញ្ជាក់ថា វីរុសCovid-19បម្លែងខ្លួនថ្មី អាល់ហ្វា ដែលបានផ្ទុះឡើងដំបូងនៅចក្រភពអង់គ្លេស មានកម្លាំងឆ្លងលឿនជាងវីរុសCovid-19 ដែលបានផ្ទុះឡើងដំបូងនៅប្រទេសចិនរហូតដល់៧% ហើយវីរុសCovid-19បម្លែងខ្លួនថ្មី ដែលតា នៅឥណ្ឌា មានកម្លាំងឆ្លងលឿនជាង អាល់ហ្វា ពី៥០ទៅ៦០% និងមានផលប៉ះពាល់ដល់អ្នកជំងឺខ្លាំងជាងអាល់ហ្វាទៅទៀត ។ វីរុសCovid-19 បម្លែងខ្លួនថ្មី អាល់ហ្វា បេតា និងហ្គាំម៉ា មានឥទ្ធិពលឆ្លង និងមានផលប៉ះពាល់ដល់អ្នកជំងឺប្រហាក់ប្រហែលគ្នា ដែលខ្លាំងជាងគេតែវីរុស ដែលតា ប៉ុណ្ណោះ ។
ដើមចមនាំអោយកើតរឿង
លោក Dicky Budiman អ្នកជំនាញផ្នែកជំងឺឆ្លងនៅសកលវិទ្យាល័យ Griffith university បាននិយាយថា ដើមចមដែលនាំអោយវីរុសCovid-19ឆ្លងរាលដាលក្នុងកំណើនខ្ពស់នៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន គឺដោយសារកត្តាសំខាន់៣យ៉ាង ។
កត្តាទី១ ដោយសារភាគច្រើនៃករណីឆ្លងថ្មីប្រចាំថ្ងៃ នៅប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម គឺជាប្រភេទវីរុសCovid-19បម្លែងខ្លួនថ្មី ដែលតា ដែលពិបាកនឹងទប់ស្កាត់ និងជាប្រភេទវីរុសមានឥទ្ធិពលឆ្លងលឿន និងមានផលប៉ះពាល់ខ្លាំងដល់អ្នកជំងឺ ។
កត្តាទី២ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសជាសមាជិកអាស៊ានដោយសារវីរុសនេះ មានរយៈពេលយូរ គឺជាងមួយឆ្នាំហើយ ដែលនាំអោយរដ្ឋាភិបាលពិបាកក្នុងការបិទប្រទេស ក្នុងវិធានការទប់ស្កាត់ ។
កត្តាទី៣ ប្រជាពលរដ្ឋហាក់ដូចជាមិនសូវព្រួយបារម្ភខ្លាំង ដូចកាលពីដំបូង អំពីផលប៉ះពាល់ផ្នែកសុខភាព ដែលកើតចេញពីការឆ្លងរាលដាលវីរុសCovid-19 ដែលនាំអោយប្រជាពលរដ្ឋផ្តោតទៅលើការប្រកបមុខរបរចិញ្ចឹមជីវិត ច្រើនជាងការការពារ និងទប់ស្កាត់ ។
លោក Dicky Budiman បានបញ្ជាក់ថា ប្រសិនបើកំណើន ឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19នៅតែបន្តហក់ឡើងខ្ពស់នៅតំបន់អាស៊ាន ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសុខភាពសាធារណៈនៅក្នុងតំបន់នេះ នឹងមានឥទ្ធិពលធំធេង ហួសពីការស្មាននៅពេលខាងមុខ ៕
ដោយ៖ អ៊ី ជិន