ព័ត៌មានអន្តរជាតិ

កម្មករសំណង់នៅថៃ ៧នាក់ គឺបានឆ្លងវីរុស បំលែងខ្លួន ២ប្រភេទ ក្នុងពេលតែមួយ គឺ Alpha និងវីរុស Delta នៅក្នុងខ្លួន

បរទេស៖ កម្មករសំណង់ ៧ នាក់ត្រូវបានគេសង្ស័យថា បានឆ្លងវីរុសនេះចំនួនពីរ ក្នុងពេលតែមួយ មានន័យថា ម្នាក់ៗគឺមានទាំងវីរុស បំលែងខ្លួនថ្មី Alpha និងវីរុស Delta នៅក្នុងខ្លួន។ នេះបើយោងតាម ក្រសួងសុខាភិបាលសាធារណៈ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Supakit Sirilak ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ បាននិយាយថា ការធ្វើតេស្តនៅឯការដ្ឋានសំណង់ធំមួយ ក្នុងទីក្រុងបាងកក បានបង្ហាញថា ពួកគេបានឆ្លងវីរុស ដែលបំលែងខ្លួនថ្មី Alpha និងវីរុស Delta ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអង់គ្លេស និងឥណ្ឌា។

វេជ្ជបណ្ឌិត Supakit បាននិយាយថា រហូតមកដល់ពេលនេះ ពួកគេនៅតែមានសុខភាពល្អ ហើយមិនបានវិវត្តរោគសញ្ញា គួរឱ្យព្រួយបារម្ភនោះទេ។ លោកបានបន្ថែមថា វីរុសទាំងពីរ ដែលឆ្លងក្នុងពេលតែមួយនេះ មិនមែនមានន័យថា រោគសញ្ញារបស់អ្នកជំងឺ ធ្ងន់ធ្ងរជាងនេះទេ។

ទោះយ៉ាងណាករណីឆ្លង បញ្ចូលគ្នានេះ អាចនាំឱ្យមានក្លាយជា វីរុសកូនកាត់មួយទៀត ហើយទីបំផុតជាវ៉ារ្យ៉ង់ថ្មី ជាអ្វីដែលយើងមិនចង់ឃើញ” ។

ក្នុងចំណោមកម្មករទាំងអស់ ១.៧៣៧ នាក់នៅការដ្ឋានសំណង់ គឺមានកម្មករចំនួន ១.៣២៧ នាក់ ត្រូវបានគេធ្វើតេស្ត៍វិជ្ជមាន។ ក្នុងចំណោមពួកគេ ២៣,៣% បានឆ្លងវីរុស Alpha និង ៧៣,៧ ភាគរយជាមួយ Delta៕ ប្រែសម្រួលៈ ណៃ តុលា

To Top