ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បដិសេធជំនួយ មនុស្សធម៌អាមេរិក ដោយចោទថា ជាគម្រោង ការណ៍គួរឲ្យខ្លាច

បរទេស ៖ ក្រោយមានការលើកឡើង ពីសម្ពន្ធមិត្តអាមេរិក ដូចជាប្រទេសកូរ៉េខាងត្បូង ជាដើមថា ជំនួយថ្នាំវ៉ាក់សាំង ឬក៏ជំនួយដទៃទៀត អាចលើកកម្ពស់ សហប្រតិបត្តិការនោះ អ្នកស្រាវជ្រាវកូរ៉េខាងជើង មួយរូបបាននិយាយថា ជំនួយមនុស្សធម៌អាមេរិក គឺជាគម្រោងការណ៍ នយោបាយដ៏គួរឲ្យខ្លាច ដើម្បីដាក់សម្ពាធ លើប្រទេសដទៃទៀត ។

លោក Kang Hyon Chol ដែលគេស្គាល់ថា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅសមាគមលើកម្ពស់ការដោះដូរ សេដ្ឋកិច្ចនិងបច្ចេកវិទ្យាអន្តរជាតិ បានលើកឡើងពីឧទាហរណ៍ ជាបន្តបន្ទាប់ពីជុំវិញពិភពលោក ដែលលោកនិយាយថា បង្ហាញពីការអនុវត្តជំនួញពាក់ព័ន្ធ ចំពោះគោលដៅគោលនយោបាយ បរទេស ឬក៏សម្ពាធលើបញ្ហាសិទ្ធិមនុស្ស ។

លោក Kang Hyon Chol តាមសេចក្តី រាយការណ៍ បានសរសេរថា “នេះបង្ហាញយ៉ាងច្បាស់ថា បំណងប្រកប ដោយភាពអគតិ របស់អាមេរិក ភ្ជាប់ជំនួយមនុស្សធម៌ ទៅនឹងបញ្ហាសិទ្ធិមនុស្ស គឺដើម្បីធ្វើឲ្យមានលក្ខណៈស្របច្បាប់ នូវការដាក់សម្ពាធ លើប្រទេសមាន អធិបតេយ្យភាពនានា និងដើម្បីសម្រេចគោលការណ៍ ដ៏គួរឲ្យខ្លាចរបស់ពួកគេ” ។

អ្នកសា្រវជ្រាវជាន់ខ្ពស់ កូរ៉េខាងជើងរូបនេះ បានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា “ក្នុងដំណើរអនុវត្តន៍ ជាក់ស្តែង ប្រទេសជាច្រើន ធ្លាប់បានភ្លក់រសជាតិដ៏ ល្វីងជូរចត់ ដែលជាលទ្ធផល នៃក្តីសង្ឃឹមច្រើនហួស លើជំនួយរបស់អាមេរិក និងជំនួយមនុស្សធម៌” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top