បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បាននិយាយនៅព្រឹកថ្ងៃពុធថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៨៧ នាក់ទៀត និង បានរកឃើញអ្នកឆ្លងថ្មីចំនួន ៩ ៣១៧ នាក់ នៅក្នុងប្រទេសថៃ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ថ្មីនេះបានបង្កើនចំនួនអ្នកស្លាប់ដល់ ២ ៩៣៤ នាក់ និងចំនួនករណីឆ្លងចាប់តាំងពីចាប់ផ្តើមរាតត្បាតដល់ ៣៦៣ ០២៩ នាក់។
មន្ត្រីបាននិយាយថា ៩ ១៨៨ នាក់នៃអ្នកឆ្លងថ្មី គឺបានរកឃើញនៅក្នុងប្រជាជនទូទៅ និង ១២៩ នាក់ រកឃើញនៅក្នុងពន្ធនាគារ។
លោកស្រី Apisamai Srirangson អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយនៅពេលក្រោយក្នុងសន្និសីទកាសែតនាពេលរសៀលថា អ្នកស្លាប់ថ្មី ៨៧ នាក់ គឺមានអាយុចន្លោះពី ២៤-១០៤ ឆ្នាំ ហើយ ៧០ ភាគរយនៃពួកគេមានអាយុជាង ៦០ ឆ្នាំ៕ប្រែសម្រួលៈ ណៃ តុលា