ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចាត់ទុកទណ្ឌកម្មថា ជាឧបសគ្គក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ យូអិន

បរទេស៖ការផលិតស្បៀងអាហារ កូរ៉េខាងជើង បានដល់កម្រិតទាបបំផុតរយៈពេល១០ឆ្នាំ នៅក្នុងឆ្នាំ២០១៨ ហើយទណ្ឌកម្មអន្តរជាតិ នឹងត្រូវរិះគន់សម្រាប់បញ្ហាដែលកំពុងតែកើតមាន នេះបើយោងតាមសម្តីរបស់ទីក្រុងព្យុង យ៉ាងនិយាយក្នុងរបាយការណ៍ ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ប្រគល់ឲ្យអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ។

ប្រធានគណៈកម្មការផែនការរដ្ឋរបស់ប្រទេសកូរ៉េខាងជើង លោក Pak Jong Gun បានមានប្រសាសន៍ក្នុងរបាយការណ៍៦៦ទំព័រ ដែលប្រគល់ឲ្យអង្គការសហប្រជាជាតិនោះថា កង្វះខាតស្បៀងអាហាររបស់ប្រទេស បានបន្តមានជាច្រើនឆ្នាំ ដោយសារតែការបន្តដាក់ទណ្ឌកម្ម និងការជាប់មានគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ ព្រមទាំងវិបត្តិសុខភាពពិភពលោក ចាប់តាំងពីឆ្នាំ២០២០ មក។

របាយការណ៍កូរ៉េខាងជើងនោះ បាននិយាយថា ព្យុះទីហ្វុងនិងគ្រោះទឹកជំនន់ បានកើតមានឡើងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ប៉ុន្តែថា ទីក្រុងព្យុងយ៉ាង បានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ជាមួយធនធានសម្ភារៈ សម្រាប់ការស្តារស្ថានការណ៍ឡើងវិញ ដោយរួមមានទាំងសាងសង់ផ្ទះចំនួន ៣៧.០០០ខ្នង ចែកជូនដោយឥតគិតថ្លៃ។

ទីក្រុងព្យុងយ៉ាងក៏បាន និយាយផងដែរថា ការច្នៃប្រឌិតក្នុងកសិដ្ឋានវិទ្យាសាស្ត្រ បានធ្វើឲ្យប្រទេសអាចផលិតចំណីអាហារចំនួន៦,៦៥លានតោនជាអតិបរិមា នៅក្នុងឆ្នាំ២០១៩ ដែលនោះគឺជាទិន្នផលដ៏ខ្ពស់បំផុត នៅក្នុងអំឡុងពេល១០ចុងក្រោយនេះ៕ប្រែសម្រួល៖ប៉ាង កុង

To Top