ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន ប្រកាសវិធានការ ប្រយុទ្ធប្រឆាំង ការវាយប្រហារ តាមអ៊ីនធឺណេត

បរទេស៖ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាប លើការវាយប្រហារអ៊ីនធឺណេត ដែលផ្តោតគោលដៅ លើសហរដ្ឋអាមេរិក ពីសំណាក់បរទេសនោះ រដ្ឋបាលលោក បៃដិន បានប្រកាសនូវវិធានការថ្មី ដែលរួមមានទាំងការផ្តល់រង្វាន់ ១០ដុល្លារ សម្រាប់ព័ត៌មានដែល បញ្ជាក់ពីអត្តសញ្ញាណជនបង្ក។ 

វិធានការថ្មីនេះ គឺត្រូវបានប្រកាសឡើង ស្របពេលដែលសហរដ្ឋអាមេរិក បានប្រឈមមុខនឹងការវាយប្រហារ ផ្តោតគោលដៅលើហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗអាមេរិកមួយចំនួន ក្នុងកាលពីរបីខែកន្លងទៅ ដោយការវាយប្រហារ ខ្លះមានពាក់ព័ន្ធនឹងអង្គការ ឧក្រិដ្ឋកម្មនានា និងក្រុមដទៃទៀត។ 

តាមសេចក្តីរាយការណ៍ រង្វាន់នេះ គឺត្រូវបានផ្តល់ឲ្យ ដោយកម្មវិធីរង្វាន់សម្រាប់យុត្តិធម៌ របស់ក្រសួងការបរទេសអាមេរិក ដែលបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រាក់រង្វាន់នឹងផ្តល់ឲ្យអ្នកណាម្នាក់ ដែលមានព័ត៌មានបញ្ជាក់ពីអត្តសញ្ញាណ ឬក៏ទីតាំងរបស់អ្នកប្រព្រឹត្ត តាមទិសដៅរបស់រដ្ឋាភិបាលបរទេស ដែលធ្វើការវាយប្រហារ តាមអ៊ីនធឺណេតទៅលើហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗរបស់អាមេរិក។ 

ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា ខ្លួនបានបង្កើតបណ្ដេញផ្អែកលើប្រព័ន្ធ Dark Web Tor សម្រាប់សាធារណជន ក្នុងការរាយការណ៍តម្រុយដល់រដ្ឋាភិបាល និងត្រូវបានប្រកាសនៅថ្ងៃតែមួយ ដែលក្រសួងសន្តិសុខផ្ទៃប្រទេស និងក្រសួងយុត្តិធម៌ ជាមួយនឹងដៃគូសហព័ន្ធផ្សេងទៀត បានដាក់ដំណើរការគេហទំព័រ stopransomware.gov ដើម្បីផ្តល់ធនធានជាសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងនឹង មេរោគលើកុំព្យូរទ័ព៕ 

ប្រែសម្រួល៖ ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×