បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើការស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi ដែលធ្វើដំណើរទៅកាន់សេតវិមាន នៅថ្ងៃទី២៦ ខែកក្កដានេះ នេះបើតាមការប្រកាសពីការិយាល័យរបស់លោក។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយថា ជំនួបនោះ នឹងបង្ហាញភាពជាដៃគូយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់។
លេខាធិការសេតវិមាន លោកស្រី Jen Psaki បាននិយាយថា លោក បៃដិន ក៏ទន្ទឹងរង់ចាំធ្វើការពង្រឹងសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសអ៊ីរ៉ាក់ លើបញ្ហានយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដើម្បីដាក់បញ្ចូលកិច្ចប្រឹងប្រែងរួមគ្នាធានាដល់ភាពបរាជ័យយូរអង្វែងរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម។
គួរបញ្ជាក់ថា ចំណងមិត្តភាពរបស់ទីក្រុងបាដាដនិងទីក្រុងវ៉ាស៊ីនតោន មានភាពស្មុគស្មាញ ចាប់តាំងពីអាមេរិក បានធ្វើការវាយប្រហារឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem Soleimani កាលពីឆ្នាំមិញ និងមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងជីវពលអ៊ីរ៉ាក់ លោក Abu Mahdi al-Muhandis នៅអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងបាដាដ៕