បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងបំពេញទស្សនកិច្ច ទៅកាន់ទីតាំងរងគ្រោះ ដោយសារគ្រោះធម្មជាតិទឹកជំនន់ នៅអ៊ឺរ៉ុបខាងលិច។
ទស្សនកិច្ចលើកនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែល គ្រោះទឹកជំនន់ជាច្រើនថ្ងៃ បានវាយប្រហារ ទៅលើតំបន់អ៊ឺរ៉ុបខាងលិច និងបានបណ្តាលឲ្យមនុស្ស ប្រមាណជា ១៧១នាក់មកហើយ បាត់បង់ជីវិត និងជាច្រើនទៀត នៅបន្តបាត់ខ្លួននៅឡើយ។
ក្នុងនោះមនុស្ស១៤៤នាក់ដំបូង បានបាត់បង់ជីវិត គិតចាប់ពីពេលដែល ទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មានរបស់អាល្លឺម៉ង់ បានវាយប្រហារ ហើយប្រមាណជា ២៧នាក់ទៀត បានបាត់បង់ជីវិត នៅក្នុងប្រទេសប៊ែលហ្ស៊ិក។
មកដល់ពេលនេះ ក្រុមអ្នកសង្គ្រោះនៅក្នុងប្រទេសទាំងពីរ អាល្លឺម៉ង់និងប៊ែលហ្ស៊ិក នៅតែបន្តដំណើរការស្វែងរក ជនរងគ្រោះដែលបាត់ខ្លួននៅឡើយ ទោះបីជាស្ថានភាព និងលក្ខខណ្ឌបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងភាព គ្រោះថ្នាក់នៅឡើយក្តី៕
ប្រែសម្រួល៖ស៊ុនលី