អាជ្ញាធរខេត្តភូកេត ប្រទេសថៃបារម្ភថា ស្ទើរតែពាក់កណ្តាលនៃ ទេសចរបរទេសដែល បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ត្រូវបានគេរកឃើញ នៅពេលមកដល់អាកាសយានដ្ឋាន ប៉ុន្តែពួកគេបានធ្វើតេស្តិ៍អវិជ្ជមាន មុនពេលទទួលបានវិញ្ញាបនប័ត្រចូល ដែលអនុញ្ញាតឱ្យពួកគេឡើង ជិះជើងហោះហើររបស់ពួកគេ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរខេត្តភូកេត បានលើកបញ្ហាក្តីបារម្ភនេះ ជាមួយក្រសួងការបរទេស និងអាជ្ញាធរទេសចរណ៍ថៃ ផងដែរ។
នាយកមន្ទីរពេទ្យ Vachira Phuket Hospital លោក Chalermpong Sukhonthaphol បាននិយាយនៅថ្ងៃច័ន្ទថា មន្រ្តីខេត្តបានពិគ្រោះយោបល់ ជាមួយភ្នាក់ងាររដ្ឋាភិបាលទាំង ២ ជុំវិញលទ្ធផលនៃការធ្វើតេស្តិ៍ ដែលមានមានផ្ទុយគ្នា។
គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃសៅរ៍ភ្ញៀវទេសចរ ១៦ នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 ចាប់តាំងពីបានមកដល់ខេត្តកោះខ្សាច់ ហើយពួកគេ ៧ នាក់ត្រូវបានរកឃើញ នៅអាកាសយានដ្ឋានភូកេត។
អ្នកទេសចរម្នាក់ទៀត ត្រូវបានគេរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា ប្រហែល ៣ ថ្ងៃ បន្ទាប់ពីមកដល់ ៕
ប្រែសម្រួលៈ ណៃ តុលា