ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹក អាមេរិក ធ្វើសមយុទ្ធប្រឆាំង អំពើភេរវកម្ម នៅមូលដ្ឋាន ប៉ាស៊ីហ្វិក

បរទេស ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធ Citadel Pacific 2021 (CP21) នាថ្ងៃចន្ទសប្ដាហ៍នេះ នៅមូលដ្ឋានទ័ព ស្ថិតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីធ្វើការវាយតម្លៃ ពីការឆ្លើយតបគ្រោះអាសន្ន និងកម្មវិធីប្រឆាំង អំពើភេរវកម្ម ។

នៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សមយុទ្ធនេះគឺត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីវាយតម្លៃ សមត្ថភាព ទីបញ្ជាការនិងការគ្រប់គ្រង ដើម្បីធានាដល់ការត្រៀម លក្ខណៈជាស្រេចនៃកម្មវិធីប្រឆាំង អំពើភេរវកម្ម ។

លោក David Foy ជាអនុប្រធានសម្រាប់មេបញ្ជាការ នៃទីបញ្ជាការមូលដ្ឋានទ័ពជើងទឹក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា សមយុទ្ធ CP21នេះ ធ្វើត្រាប់តាមសេណារីយ៉ូការ គម្រាមកំហែងជាក់ស្តែង ដូចជាអ្នកបាញ់សកម្ម អ្នកបើកទ្វាររបង និងគ្រាប់បែកកែច្នៃជាដើម ។

លោក David Foy បានថ្លែងបន្តយ៉ាងដូច្នេះថា “បុគ្គលិករបស់យើងនឹង ធ្វើការឆ្លើយតប ចំពោះហេតុការណ៍ ហាក់ដូចជាពួកគេជួបការគម្រាមកំហែងពិត ហើយវិធីសាស្ត្រហាត់ សម នេះធានាថា កងកម្លាំងសន្តិសុខទ័ពជើងទឹក សហរដ្ឋអាមេរិក រក្សាបានកម្រិតខ្ពស់ នៃការត្រៀមខ្លួន ធ្វើការឆ្លើយតបនឹង បរិយាកាសសន្តិសុខធំៗ” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top