បរទេស៖ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើការវាយប្រហារតាមអាកាស ទៅលើពួកតាលីបង់ ដើម្បីគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាន។
នៅក្នុងអំឡុងសន្និសីទកាសែតមួយ លោក John Kirby បានថ្លែងប្រាប់ថា សហរដ្ឋអាមេរិកបានធ្វើសកម្មភាពតាមរយៈការវាយប្រហារតាមអាកាស ដើម្បីគំាំទ្រដល់កងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែម ក្រៅពីការបញ្ជាក់ថា ការវាយប្រហារនោះ បានធ្វើឡើងក្នុងពេលពីរបីថ្ងៃកន្លងទៅនោះទេ។
ការប្រកាសនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលពួកតាលីបង់បានអះអាងថាកាន់កាប់បានតំបន់សំខាន់ៗ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលរួមមានទាំងច្រកយុទ្ធសាស្ត្រ Chaman-Spin Boldak ស្ថិតនៅតាមព្រំដែនជាប់នឹងប្រទេសប៉ាគីស្ថានផង ក្នុងខណៈកងទ័ពអាមេរិកដកចេញពីតំបន់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅដើមខែឧសភា ដោយមានទ័ពប្រហែល៩៥ភាគរយបានដកចេញរួចរាល់ ហើយកាលកំណត់នៃការដកទ័ពនោះ គឺនៅថ្ងៃទី៣១ ខែសីហាខាងមុខ បង្កឲ្យមានក្តីព្រួយបារម្ភថា អវត្តមានយោធាអាមេរិកនេះ នឹងផ្តលឱកាសឲ្យពួកតាលីបង់ វាយដណ្ដើមកាន់កាប់ទឹកដីបន្ថែមទៀត៕
ប្រែសម្រួល៖ប៉ាង កុង