បរទេស៖ប្រទេសចិនបានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មតបវិញ លើពលរដ្ឋនិងអង្គភាពអាមេរិកចំនួន៧ ដែលរួមមានទំាងអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Wilbur Ross នៅក្នុងដំណើរសងសឹកចំពោះទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនបានដាក់។
ទីក្រុងប៉េកាំង បានប្រកាសនៅពេលថ្មីៗនេះថា ទណ្ឌកម្មនឹងដាក់លើលោក Wilbur Ross ក៏ដូចជាលោក Carolyn Bartholomew ប្រធានគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខអាមេរិក-ចិន លោក Jonathan Stivers អតីតប្រធានបុគ្គលិកនៃគណៈកម្មាធិការសភានិងព្រឹទ្ធសភាស្តីពីប្រទេសចិន លោក DoYun Kim មកពីវិទ្យាស្ថានប្រជាធិបតេយ្យជាតិទទួលបន្ទុកកិច្ចការអន្តរជាតិ លោក Adam Joseph King ប្រធានកម្មវិធីជាន់ខ្ពស់នៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ និងលោក Sophie Richardson ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅចិន។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ទណ្ឌកម្មនោះ ក៏ត្រូវបានប្រកាសដាក់លើក្រុមប្រឹក្សាលទ្ធិប្រជាធិបតេយ្យហុងកុង មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនផងដែរ។
មន្ត្រីតំណាងឲ្យក្រសួងការបរទេសចិនមួយរូប បានមានប្រសាសន៍ថា ទណ្ឌកម្មតបវិញនេះ នឹងត្រូវបានដាក់ក្នុងដំណើរឆ្លើយតបមួយ ចំពោះសេចក្តីប្រកាសដាក់ទណ្ឌកម្មពីរដ្ឋបាលរបស់លោក បៃដិន លើមន្ត្រីចិនចំនួន៧នាក់៕
ប្រែសម្រួល៖ប៉ាង កុង