ព័ត៌មានអន្តរជាតិ

លោក បៃដិន ទទួលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ដើម្បីពិភាក្សាគ្នាអំពីតួនាទីរបស់ កងទ័ពអាមេរិក

បរទេស៖នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kahdhimi នឹងទៅជួបលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅសេតវិមាន ដើម្បីពិភាក្សាគ្នាអំពីវត្តមាននៅបន្តរបស់កងទ័ពអាមេរិក លើទឹកដីនៃប្រទេសអ៊ីរ៉ាក់ និងភាពអាចផ្លាស់ប្តូរតួនាទីនៃ កងទ័ពទាំងនោះ។

វត្តមានយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានតាំងពីអតីតប្រធានាធិបតី George W. Bush មកនោះ បានដល់ចំណុចផ្លូវបំបែកនៅក្នុងខែមករា ឆ្នាំ២០២០ ជាពេលដែលការវាយប្រហារតាមអាកាសរបស់អាមេរិក បានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani ជាប្រមុខនៃកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ ក្នុងខណៈលោកនៅក្នុងប្រទេសអ៊ីរ៉ាក់។

តាមសេចក្តីរាយការណ៍ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃសុក្រថា “យើងនៅក្នុងប្រទេសអ៊ីរ៉ាក់ តាមការអញ្ជើញរបស់ពួកគេ ដើម្បីឲ្យជួយដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងតំបន់ស្វយ័ត Peshmerga ក្នុងយុទ្ធនាការប្រឆាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម ហើយយើងបាននិងកំពុងតែបំពេញនូវកិច្ចពិភាក្សាយុទ្ធសាស្ត្រលើកទី៤ គឺមានចំនួនពីរដងកាលពីឆ្នាំមិញ និងពីរដងទៀត មានមួយដងនៅក្នុងខែមេសា”។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ កងទ័ពអាមេរិកប្រហែល២.៥០០នាក់ នៅតែមានវត្តមាននៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលផ្តើមចេញពីការដាក់ពង្រាយជាថ្មីឡើងវិញ ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ដើម្បីប្រយុទ្ធនឹងក្រុមភេរវកម្មឥស្លាមជ្រុលនិយម៕ប្រែសម្រួល៖ប៉ាង កុង

To Top