កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ម៉ាឡេស៊ី បានកត់ត្រាចំនួនថ្មីនៃអ្នកស្លាប់តែក្នុង ១ថ្ងៃប៉ុណ្ណោះ គឺមានចំនួន ២០៧នាក់ ដែលជាតួលេខខ្ពស់បំផុត គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៨.២០១នាក់ ។
លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា មានអ្នកឆ្លងជំងឺថ្មីចំនួន ១៤.៥១៦នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ដែលក្នុងនោះមានអ្នកនាំចូលចំនួន ៣នាក់ និងអ្នកឆ្លងក្នុងស្រុកចំនួន ១៤.៥១៦នាក់ នាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១.០២៧.៩៥៤នាក់ ។

សរុបអ្នកជំងឺចំនួន៩.៣៧២នាក់ ត្រូវបានប្រកាសថា បានជាសះស្បើយពីជំងឺ ដែលនាំឲ្យអ្នកជាសះស្បើយសរុប និងបានចាកចេញពីមន្ទីរពេទ្យវិញចំនួន ៨៥៣.៩១៣នាក់ ឬស្មើនឹង ៨៣,១ភាគរយ នៃករណីឆ្លងទំាងអស់ ។
ក្នុងចំណោមនោះ នៅសល់អ្នកដែលសម្រាកព្យាបាលចំនួន ១៦៥.៨៤០នាក់ ហើយ១.០០៩នាក់ បានសម្រាកនៅតាមអង្គភាពថែទាំជំងឺ និង៥២៤នាក់ ត្រូវការជាចាំបាច់ជួយសម្រួល ដល់ការដកដង្ហើម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
