បរទេស ៖ ក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសថៃ បានប្រកាសនៅព្រឹកថ្ងៃអង្គារថា ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ថ្មីចំនួន ១១៨ នាក់ថែមទៀត និងករណីឆ្លងថ្មីចំនួន ១៤ ១៥០ ករណី ក្នុងរយៈពេល ២៤ ម៉ោងមុន ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា តួលេខថ្មីបានកត់សំគាល់ ពីការធ្លាក់ចុះក្នុងករណីឆ្លងថ្មី ប៉ុន្តែមានការកើនឡើង ចំពោះអ្នកស្លាប់ ។
ករណីឆ្លងថ្មីចំនួន ១៤ ១៥០ ករណី ក្នុងនោះ គឺមាន ១៣ ៩០៥ នាក់ រកឃើញក្នុងចំណោមប្រជាជនទូទៅនិង ២៤៥ នាក់ក្នុងចំណោម អ្នកទោសក្នុងពន្ធនាគារ។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បានរាយការណ៍ នៅពេលក្រោយថា អ្នកស្លាប់ថ្មីចំនួន ១១៨ នាក់មានអាយុ ២៥-៩៦ ឆ្នាំក្នុងនោះមានជនជាតិថៃចំនួន ១១៥ នាក់ និងមីយ៉ាន់ម៉ាម្នាក់ ជនជាតិខ្មែរម្នាក់ និងជនជាតិឥណ្ឌាម្នាក់៕
ប្រែសម្រួលៈ ណៃ តុលា
