រីយ៉ូ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ចំនួន ១៣៤៤ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលបានបង្កើនចំនួន អ្នកស្លាប់ជាតិកើនឡើងដល់ ៥៥៣,១៧៩ នាក់។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ទន្ទឹមនឹងនេះចំនួនអ្នកឆ្លង សរុបបានកើនឡើងដល់ ១៩,៧៩៧,០៨៦ករណី បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ៤៨,០១៣ករណី ត្រូវបានរកឃើញ។
បច្ចុប្បន្នប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារ ជំងឺរាតត្បាតខ្ពស់លំដាប់ទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងច្រើនជាងគេទី ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។
នៅក្នុងនោះដែរ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយេះ កំពុងជួបប្រទះនូវរលកនៃការឆ្លងថ្មី ដែលមន្ទីរពេទ្យ ត្រូវបានគ្របដណ្ដប់ ទាំងស្រុងដោយអ្នកជំងឺ។
គួរបញ្ជាក់ថា ប្រជាជន ១៣៦ លាននាក់នៅប្រេស៊ីល បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូស ដោយមានមនុស្សចំនួន ៣៨,៧ លាននាក់បានចាក់វ៉ាក់សាំងពេញលេញ ៕
ដោយ ឈូក បូរ៉ា