Covid-19

អង់គ្លេស នឹងមិនតម្រូវអ្នកដំណើរ មកពីអាមេរិក និងសហភាពអឺរ៉ុប ដែលចាក់វ៉ាក់សំាងរួច ធ្វើចត្តាឡីស័ក

បរទេស៖ រដ្ឋាភិបាលអង់គ្លេស តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃពុធថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងទាំងស្រុង មកពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមិនចាំបាច់ធ្វើចត្តាឡីស័ក ក្នុងពេលចូលក្នុងប្រទេសអង់គ្លេស ចាប់ពីខែក្រោយទៅ។

រដ្ឋមន្ត្រីគមនាគមន៍ លោក Grant Shapps បានមានប្រសាសន៍ថា អ្នកចាក់វ៉ាក់សាំងរួចមកពីប្រទេសទាំងនោះ អាចចូលមកក្នុងប្រទេសអង់គ្លេសដោយត្រង់ ដោយគ្មានការចំណាយរយៈពេលពេញ ១០ នៅកន្លែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃចន្ទ។

ចំណែកពលរដ្ឋអង់គ្លេស បានចាក់វ៉ាក់សាំងរួចទាំងស្រុង ដែលវិលត្រឡប់មកប្រទេសវិញ ពីការធ្វើដំណើរក្នុងប្រទេសដែលគេហៅថា “អាំប៊ឺ” ក៏នឹងមិនចាំបាច់ធ្វើចត្តាឡីស័កផងដែរ។ ប្រទេសដែលស្ថិតនៅក្នុង បញ្ជីអាំប៊ឺរបស់អង់គ្លេសនោះ គឺមានការផ្ទុះឆ្លងជម្ងឺកូវីដ១៩ ធ្ងន់ធ្ងរតិចតួច។

នៅក្នុងសារបង្ហោះលើ បណ្ដាញសង្គមធ្វីតធ័រមួយ លោក Grant Shapps បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងកំពុងតែជួយមនុស្ស ដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប វិលជួបជុំក្រុមគ្រួសារ និងមិត្តពួកគេនៅក្នុងចក្រភពអង់គ្លេសវិញ” ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top