យូអិន ៖ អង់គ្លេស បានព្រមានក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិថា ប្រជាជនមីយ៉ាន់ម៉ា ពាក់កណ្តាល នៃប្រជាជនសរុបចំនួន ៥៤ លាននាក់ អាចឆ្លងជំងឺកូវីដ -១៩ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ។
ចក្រភពអង់គ្លេស បានកោះប្រជុំ ដើម្បីឆ្លើយតបទៅ នឹងអ្វីដែលខ្លួនហៅថា ស្ថានភាពជំងឺរាតត្បាតដ៏អាក្រក់បំផុតនៅមីយ៉ាន់ម៉ា ដែលបានរីករាលដាល ចាប់តាំងពីយោធាដ ណ្តើមបានការគ្រប់គ្រង កាលពីខែកុម្ភៈ ។
ប្រទេសអង់គ្លេស បានជំរុញឱ្យក្រុមប្រឹក្សា ធានានូវដំណោះស្រាយ ២៥៦៥ ដែលទាមទារឱ្យមានបទ ឈប់បាញ់នៅតំបន់មានជម្លោះ ដើម្បីអនុញ្ញាតឱ្យការផ្តល់វ៉ាក់សាំង ការពារជំងឺឆ្លង ប្រកបដោយសុវត្ថិភាព ត្រូវបានគោរពនៅក្នុងប្រទេស មីយ៉ាន់ម៉ា។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានសិង្ហបុរី បានឲ្យដឹងថា លោកស្រី Barbara Woodward ឯកអគ្គរដ្ឋទូតអង់គ្លេស បានអង្វរថា“ វាមានសារៈសំខាន់ណាស់ ដែលយើងពិចារណាពីរបៀបអនុវត្តវា” ។
ប្រទេសមីយ៉ាន់ម៉ា មានភាពច្របូកច្របល់ ចាប់តាំង ពីរដ្ឋាភិបាល យោធា បានឡើងកាន់អំណាច ដោយមានមន្ទីរពេទ្យ ជាច្រើនមិនមានបំពាក់ សម្ភារៈគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការកើនឡើងយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩ បន្ទាប់ពីបុគ្គលិកពេទ្យជាច្រើនបានដើរចេញ ពីការងារ ដើម្បីតវ៉ាប្រឆាំងរដ្ឋប្រហារ ។
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថាមានតែ ៤០ ភាគរយប៉ុណ្ណោះ នៃមណ្ឌលថែទាំសុខភាពរបស់មីយ៉ាន់ម៉ា នៅតែអាចដំណើរការបាន។
ស្ថាប័នពិភពលោកមួយនេះ ក៏បានប៉ាន់ស្មានផងដែរថា កងកម្លាំងយោធាបានធ្វើការវាយប្រហារយ៉ាងតិច ២៦០ ដងប្រឆាំងនឹងបុគ្គលិកពេទ្យ និងគ្រឿងបរិក្ខារពេទ្យ ដោយបានឃុំខ្លួនមន្រ្តី ពេទ្យយ៉ាងតិច ៦៧ នាក់។
អ្នកនាំពាក្យរដ្ឋាភិបាល រួបរួមជាតិលោកស្រី Susanna Hla Hla Soe បានលើកឡើងថា“ ជាមួយនឹងរលកថ្មី នៃជំងឺកូវីដ -១៩ រីករាលដាលដូចភ្លើងឆេះព្រៃ នៅទូទាំងប្រទេស វាជាអកុសល ដែលមនុស្សជាច្រើននឹងត្រូវបាត់បង់ជីវិត ដោយសារអាវុធយោធាមីយ៉ាន់ម៉ា ប្រឆាំងកូវីដ -១៩ ប្រឆាំងនឹងប្រជាជន”៕
ដោយ ឈូក បូរ៉ា