បរទេស៖ សហរដ្ឋអាមេរិក បានធ្វើការដាក់ទណ្ឌកម្ម លើមន្ត្រីប៉ូលិសគុយបា និងថ្នាក់ដឹកនាំប៉ូលិសពីររូប នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងដំណើរឆ្លើយតបមួយ ចំពោះការបង្ក្រាបរបស់ រដ្ឋាភិបាលទីក្រុងហាវ៉ាណា លើក្រុមអ្នកតវ៉ា ហើយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននមានប្រសាសន៍ថា ចំណាត់ការជាច្រើនទៀត នឹងមានចំពោះថ្នាក់ដឹកនាំនានា។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ់ទីភ្នាក់ងារសារព័ត៌មាន India News Republic នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងរតនាគារអាមេរិក បាននិយាយប្រាប់ថា ទណ្ឌកម្មដែលហាក់ ជានិមិត្តសញ្ញាដ៏ចម្បងនោះ គឺជាប្រតិកម្មមួយ ចំពោះទង្វើរារាំងការតវ៉ា ដោយសន្តិវិធីនិងតាមបែបលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសគុយបា ដែលបានចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា។
ក្រសួងអាមេរិកនេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា ទណ្ឌកម្មនោះ គឺដាក់លើមេប៉ូលិសគុយបាពីររូប និងប៉ូលិសជាតិរបស់ក្រសួងមហាផ្ទៃគុយបា ចំណែកលោក បៃដិន បានថ្លែងក្នុងជំនួបមួយជាមួយ ថ្នាក់ដឹកនាំគុយបានិងអាមេរិក នៅសេតវិមានថា “ចំណាត់ការបន្ថែមនឹងមាន ប្រសិនបើគ្មានការផ្លាស់ប្តូរជាដុំកំភួន នៅក្នុងប្រទេសគុយបាទេនោះ”។
គួរបញ្ជាក់ថា ការតវ៉ាបានផ្ទុះឡើងនៅក្នុងខែនេះ ក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត របស់ប្រទេសគុយបា គិតចាប់តាំងពីការដួលរំលំនៃ អតីតសម្ពន្ធមិត្តសហភាពសូវៀត និងកំណត់ត្រាឆ្លងជម្ងឺកូវីដ១៩ មានការកើនឡើង មនុស្សរាប់ពាន់នាក់ បានចេញធ្វើការតវ៉ាតាមដងផ្លូវ និងខឹងចំពោះកង្វះខាតទំនិញប្រើប្រាស់ចំាបាច់ ការរឹតបន្តឹងសេរីភាពស៊ីវិល និងការឆ្លើយតបរបស់អាជ្ញាធរ ចំពោះការរាតត្បាតនៃជម្ងឺ ៕
ប្រែសម្រួល៖ ប៉ាង កុង