Covid-19

អនុប្រធានាធិបតីឥណ្ឌា ជំរុញឲ្យក្រុមអ្នកវិទ្យាសាស្រ្ត អភិវឌ្ឍវ៉ាក់សាំងសម្រាប់កុមារ

ញូវដេលី៖ អនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu បានជំរុញឱ្យក្រុមអ្នកវិទ្យាសាស្ត្រ ពន្លឿនការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កុមារ ដោយលើកឡើងថា ការការពារកុមារពីវីរុស គួរតែត្រូវបានផ្តល់អាទិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Naidu កំពុងនិយាយទៅកាន់អ្នកវិទ្យាសាស្ត្រ និងបុគ្គលិកនៃក្រុមហ៊ុន Bharat Biotech International Limited បន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់រោងចក្ររបស់ខ្លួន នៅទីក្រុង Hyderabad ។

លោកបានលើកឡើងថា “មេរោគ ដែលកំពុងផ្លាស់ប្តូរ ឥតឈប់ឈរបង្កឱ្យមានបញ្ហាប្រឈម ដែលមិនបានមើលឃើញទុកជាមុន ហើយបង្ខំឱ្យយើងស្វែងរកដំណោះស្រាយ ដែលនឹងជួយសង្គ្រោះជីវិតមនុស្ស និងការពារជីវភាពរស់នៅ” ។

អនុប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំង ដែលកំពុងបន្តប្រឆាំងនឹងជំងឺកូវីដ-១៩ គួរតែក្លាយជាចលនា Pan-India ហើយអំពាវនាវដល់ប្រជាជន ឱ្យទទួលថ្នាំបង្ការទាំងអស់គ្នា។

រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌាលោក Mansukh Mandaviya បានប្រាប់សមាជិកសភា មកពីគណបក្សរបស់លោកថា រដ្ឋាភិបាលទំនងជានឹងចាប់ផ្តើមចាក់វ៉ាក់សាំង ការពារកុមារប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខែក្រោយ ៕

ដោយ ឈូក បូរ៉ា

To Top