ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-សិង្ហបុរី ចាប់ដៃគ្នារៀបចំ កិច្ចពិភាក្សាយុទ្ធសាស្រ្ត ការពារជាតិ

សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសិង្ហបុរី បានរៀបចំកិច្ចពិភាក្សា យុទ្ធសាស្ត្រការពារជាតិ នៅទីក្រុងសេអ៊ូល កាលពីថ្ងៃច័ន្ទហើយបានយល់ព្រម ពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការការពារជាតិ របស់ប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំនេះអនុរដ្ឋមន្រ្តី ក្រសួងការពារជាតិលោកគីម ម៉ានគី និងសមភាគីសិង្ហបុរីលោក Teo Eng Dih បានឯកភាពជំរុញការផ្លាស់ប្តូរ ក្នុងវិស័យបច្ចេកវិទ្យាការពារជាតិ សកម្មភាពមនុស្សធម៌ និងសន្តិសុខតាមអ៊ីនធឺណិត។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់បានឲ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃចន្ទ បានកត់សម្គាល់ជាលើកដំបូង ក្នុងរយៈពេល ៨ ឆ្នាំ សម្រាប់កិច្ចពិភាក្សាយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ដែលនឹងត្រូវធ្វើឡើងដោយផ្ទាល់។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា“ ភាគីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ហើយបានយល់ព្រមរៀបចំ កិច្ចពិភាក្សាជារៀងរាល់ឆ្នាំ ដើម្បីបន្តពិភាក្សាអំពីវិធីដើម្បី អភិវឌ្ឍកិច្ចសហប្រតិបត្តិការការពារជាតិ របស់ប្រទេសទាំងពីរ” ។

គួរបញ្ជាក់ថា លោក Teo ក៏បានជួបជាមួយ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ ផាក ជេមីន និងពិភាក្សាអំពីស្ថានភាពកូវីដ-១៩ របស់ប្រទេសទាំងពីរ និងបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ ៕

ដោយ ឈូក បូរ៉ា

To Top