បរទេស៖ ឧទ្ធម្ភាគចក្រដឹកជញ្ជូនកងទ័ព កាលពីថ្ងៃអង្គារ បានចាប់ផ្តើមសេវាកម្ម ដឹកអ្នកជំងឺកូវីដ -១៩ ត្រឡប់ទៅខេត្តកំណើតវិញ ដើម្បីព្យាបាល ដោយដឹកអ្នកដែល មានរោគសញ្ញាស្រាល ពីទីក្រុងបាងកក ទៅខេត្ត Tak ខេត្ត Phitsanulok។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ MI-17 ដែលផលិតដោយរុស្ស៊ី បានហោះចេញពីមជ្ឈមណ្ឌលអាកាសចរណ៍កងទ័ព នៅទីក្រុងបាងកក កាលពីម៉ោង ១១ ព្រឹក ហើយបានចុះចត លើកដំបូងនៅខេត្ត Tak ជាកន្លែងដែលអ្នកជំងឺខ្លះបានចុះ ហើយជួបជាមួយមន្ត្រីសុខាភិបាល។ នៅទីនោះអ្នកជំងឺកូវីដ -១៩ ជាច្រើនទៀត បានឡើងឧទ្ធម្ភាគចក្រ ហើយត្រូវបានគេបញ្ជូនទៅកាន់ខេត្ត Phitsanulok ជាកន្លែងដែលពួកគេ ត្រូវបានប្រគល់ឱ្យ មន្រ្តីសុខាភិបាលផងដែរ។
សរុបអ្នកជំងឺកូវីដ ១៩ ចំនួន ១១ នាក់ ត្រូវបានបញ្ជូនទៅផ្ទះនៅថ្ងៃដំបូង តាមសេវាកម្មឧទ្ធម្ភាគចក្ររបស់កងទ័ពថៃ។
កងទ័ពបានចាប់ផ្តើមហោះហើរមនុស្ស ដែលមានផ្ទុកមេរោគ Covid ដែលមានរោគសញ្ញាស្រាល ទៅកាន់ខេត្តកំណើត របស់ពួកគេ នៅថ្ងៃទី ២៩ ខែកក្កដា ដោយប្រើយន្តហោះដឹកជញ្ជូន C295 ។ មកដល់ពេលនេះ យន្តហោះ បានយកអ្នកជំងឺ៨៤នាក់ តាមជើងហោះហើរ ចំនួន៤ ទៅកាន់ខេត្ត Nan និងខេត្ត Nakhon Phanom៕
ប្រែសម្រួលៈ ណៃ តុលា