កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១នេះ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យមើលការស្ថាបនា ផ្លូវក្រាលបេតុងប្រមាណជាជាង ១៥០០ ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក ស្ថិតនៅក្នុង សង្កាត់បឹងកុក ក្រុងកំពង់ចាម ។
បើតាម លោក ឌួល សុន មន្ត្រីបច្ចេកទេស នៃទីចាត់ការផែនការ វិនិយោគ ខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវក្រាលបេតុងមួយខ្សែ ប្រវែងជាង១៣០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងមួយខ្សែទៀត ប្រវែងជាង ២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងស្ថាបនាលូរំដោះទឹក ប្រវែងជាង ១០០០ ម៉ែត្រ និងលូដែលត្រូវជួសជុល ប្រវែងជាង ៤០០ ម៉ែត្រ ។ លោកបញ្ជាក់ថា គម្រោងស្ថាបនាខាងលើនេះ គឺជាគម្រោងស្ថាបនា តទៅក្នុងថវិកាឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។


មន្ត្រីបច្ចេកទេសដដែល បានរំលឹកផងដែរថា ក្នុងឆ្នាំកន្លងទៅ ពេលរដូវវស្សា អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត តែងតែបានចុះពិនិត្យមើល រាល់ពេលមានជំនន់ទឹកភ្លៀង ក្នុងភូមិមួយចំនួន នៅក្នុងសង្កាត់បឹងកុក ដើម្បីរកវិធីសាស្រ្ត ដោះស្រាយ ។ ហេតុ ដូច្នោះហើយ ទើបមកដល់បច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពង់ចាម បានអភិវឌ្ឍស្ថាបនាផ្លូវក្រាលបេតុងអាមេ និងស្ថាបនាលូរំដោះទឹក ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀង ដូចឆ្នាំមុនៗទៀត ៕
