ប៉េកាំង៖ លោកស្រី Shabaan ទីប្រឹក្សានយោបាយរបស់ប្រធានាធិបតីស៊ីរី បានលើកឡើងថាការចោទប្រកាន់របស់សហរដ្ឋអាមេរិក ទៅលើប្រទេសចិន ជុំវិញដើមកំណើតនៃជំងឺរាតត្បាតកូវីដ-១៩ គឺ“មិនទំនងទាល់តែសោះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានចិនស៊ីនហួនាពេលថ្មីៗនេះក្នុងពេលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតស៊ីរី-ចិន និងខួបលើកទី ៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ដែលបានប្រារព្ធឡើងនៅទីក្រុងដាម៉ាស។
លោកស្រី បានលើកឡើងថា វាមិនសមស្របនោះទេ ដែលអាមេរិកចោទចិន លើបញ្ហានេះ ព្រោះចិនជាប្រទេស ដែលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយចិនជាប្រទេស ដែលផ្តល់ជំនួយដល់ប្រទេសជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
លោកស្រីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក មិនអាចបំភ័ន្តនរណាម្នាក់ដោយការចោទប្រកាន់បែបនេះទេពីព្រោះ“ ពិភពលោកដឹងថា ដើមចមនៃការចោទប្រកាន់ទាំងនេះគឺជាអ្វី” ។
ជាងនេះទៅទៀតមន្ត្រីរូបនេះបានអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចជាពិសេសសហរដ្ឋអាមេរិក ឱ្យផ្លាស់ប្តូរជំហររបស់ខ្លួន និងដឹងថាពួកគេរស់នៅក្នុងពិភពលោកជាគ្រួសារតែមួយនិងនៅលើភពផែនដីតែមួយ។
លោកស្រី បានសង្កត់ធ្ងន់ថា “អរគុណប្រទេសចិនដែលបានខិតខំប្រឹងប្រែង ដើម្បីរក្សាការរីករាលដាលនៃជំងឺនេះឱ្យស្ថិតក្រោមការគ្រប់គ្រង ប្រទេសចិនមានសមត្ថភាពច្រើនជាងបណ្តាប្រទេសលោកខាងលិចក្នុងការគ្រប់គ្រងការរីករាលដាលនេះហើយវាជាឧទាហរណ៍មួយ” ។
លោក Shabaan បានពិពណ៌នាអំពីអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរថា“ មានការសន្យាខ្លាំង” ដោយថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់វ៉ាក់សាំងដល់ប្រជាជនស៊ីរី និងផ្តល់ឧបករណ៍ ដើម្បីការពារមេរោគ។
ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនៅក្នុងប្រទេសស៊ីរី នៅខែមីនា ឆ្នាំ២០២០ ប្រទេសចិនបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងឧបករណ៍ពិសេសៗ ជាច្រើនដល់ប្រទេសស៊ីរី ដើម្បីជួយប្រទេសដែលហែកហួរដោយសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ៕ដោយ ឈូក បូរ៉ា