Covid-19

កូរ៉េខាងជើងរិះគន់ កងនាវាចម្បាំងអង់គ្លេស មុនចូលចតនៅកូរ៉េខាងត្បូង

បរទេស៖ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះការសម្រេចចិត្តអង់គ្លេស បញ្ជូននាវាផ្ទុកយន្តហោះ HMS Queen Elizabeth មកក្នុងតំបន់អាស៊ី នៅមុនការចូលចតរបស់នាវាផ្ទុកយន្តហោះនេះនៅប្រទេសកូរ៉េខាងត្បូង នាចុងខែនេះ។

ក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង បានចេញផ្សាយនូវសេចក្តីថ្លែងការណួមួយកាលពីថ្ងៃអង្គារ ពីលោក Choe Hyon Do ដែលជាអ្នកស្រាវជ្រាវមួយរូបមកពីសមាគមអឺរ៉ុប-កូរ៉េខាងជើង ដែលចោទប្រទេសអង់គ្លេស ពីបទបង្កើនភាពតានតឹងនៅក្នុងតំបន់។

លោក Choe Hyon Do បាននិយាយយ៉ាងដូច្នេះថា “ប្រទេសអង់គ្លេស ដែលធ្វើស្ថានភាពឲ្យតានតឹងកាន់តែខ្លាំង តាមរយៈការបញ្ជូននាវាចម្បាំងចូលមកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនោះ គឺកំពុងតែប្រើប្រាស់ចលនាមួយ ធ្វើជាលេសថាកូរ៉េខាងជើងគឺជាការគម្រាមកំហែងមួយ ហើយវាជាប្រភេទនៃការបង្កហេតុ”។

គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះ Queen Elizabeth និងកងនាវាចម្បាំង បានចាប់ផ្តើមបំពេញបេសកកម្មធ្វើដំណើរលើពិភពលោក នៅក្នុងខែឧសភា ហើយរហូតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមនាវាវាយប្រហាររបស់នាវាផ្ទុកយន្តហោះនេះ បានធ្វើសហសមយុទ្ធជាមួយកងកម្លាំងឥណ្ឌានិងសិង្ហបុរី ព្រមទាំងត្រូវគេរំពឹងថា នឹងចូលរួមក្នុងសមយុទ្ធជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូងផងដែរ៕ប្រែសម្រួល៖ប៉ាង កុង


To Top