វូហាន ៖ យោងតាមអាជ្ញាធរ ក្នុងតំបន់បានឲ្យដឹងថា ទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន បានបញ្ចប់ការធ្វើតេស្តទឹកអាស៊ីតនុយក្លេរនៅក្នុងរយៈពេល ៥ ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
លោក Li Tao អគ្គលេខាធិការរង នៃរដ្ឋាភិបាលក្រុងវូហាន បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រជាជនជាង ១១,២៨ លាននាក់ ដែលមានសមត្ថភាពត្រូវបានធ្វើតេស្ត រកមេរោគឆ្លងថ្មីក្នុងអំឡុង ពេលធ្វើតេស្តទូទាំងទីក្រុង ដែលបានចាប់ផ្តើម កាលពីថ្ងៃអង្គារ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា នេះមានន័យថា“ គ្របដណ្តប់ពេញលេញ” ដល់ប្រជាជនទាំងអស់នៅទូទាំង ទីក្រុងវូហាន លើកលែងតែកុមារ អាយុក្រោម ៦ ឆ្នាំ និងនិស្សិតសាកលវិទ្យាល័យ នៅវិស្សមកាលរដូវក្តៅ។
ការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ ត្រូវបានចាប់ផ្តើម បន្ទាប់ពីការឆ្លងថ្មីក្នុងស្រុកបានលេចចេញ ក្នុងចំណោមពលករចំណាកស្រុក ជាច្រើននាក់កាលពីថ្ងៃច័ន្ទ។
ទីក្រុងវូហាន បានចុះបញ្ជីករណីឆ្លង ក្នុងស្រុកចំនួន ៣៧ ករណី។ លោក Peng Houpeng អនុប្រធានគណៈកម្មការ សុខាភិបាលក្រុង បានលើកឡើងថា ការឆ្លងមេរោគចំនួន ៩ករណី ត្រូវបានរកឃើញនៅក្នុង ការត្រួតពិនិត្យយ៉ាងទូលំទូលាយ នៃបរិវេណលំនៅដ្ឋាន ក្រោមការគ្រប់គ្រង ដោយបិទទ្វារ ខណៈករណីផ្សេងទៀត ត្រូវបានរកឃើញក្នុងចំណោមអ្នក ដែលនៅដាច់ពីគេ ៕ដោយ ឈូក បូរ៉ា