វ៉ាស៊ីនតោន៖ មន្ត្រីការពារជាតិអាមេរិកម្នាក់ បានលើកឡើងដោយដកស្រង់សម្តី របស់ចារកម្មអាមេរិកថា ក្រុមសកម្មប្រយុទ្ធតាលីបង់ វាយអាចផ្តាច់រដ្ឋធានី អាហ្វហ្គានីស្ថាន ក្នុងរយៈពេល ៣០ ថ្ងៃ ហើយអាចគ្រប់គ្រងបានក្នុងរយៈពេល ៩០ថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។
មន្រ្តីនិយាយដោយមិនបញ្ចេញ ឈ្មោះថាការវាយតម្លៃថ្មីអំពីរយៈពេល ដែលទីក្រុងកាប៊ុលអាចឈរបាន គឺជាលទ្ធផលនៃការកើនឡើង យ៉ាងឆាប់រហ័ស ដែលក្រុមតាលីបង់ បានធ្វើនៅទូទាំងប្រទេស នៅពេលដែលកងកម្លាំងបរទេស ដឹកនាំដោយអាមេរិក បានចាកចេញ។
មន្ត្រីរូបនេះបានបន្ថែមថា “ប៉ុន្តែនេះមិនមែនជា ការសន្និដ្ឋានជាមុននោះទេ” ដោយអះអាងថា កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន អាចបញ្ច្រាសសន្ទុះដោយ ដាក់កម្លាំងទប់ទល់បន្ថែមទៀត។

មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប បានលើកឡើងថាក្រុមជ្រុលនិយម បានគ្រប់គ្រង ៦៥ ភាគរយនៃប្រទេសអាហ្វហ្គានីស្ថាន ហើយបានកាន់កាប់ ឬគំរាមកំហែងដណ្តើម យករដ្ឋធានីខេត្តចំនួន ១១ របស់ប្រទេសបន្ថែមទៀត។
ប្រភពសន្តិសុខលោកខាងលិចនៅទីក្រុង ឲ្យដឹងថា រាល់ច្រកចេញចូលក្រុងកាប៊ុល ដែលស្ថិតនៅក្នុងជ្រលងភ្នំព័ទ្ធ ជុំវិញដោយជនស៊ីវិលចូលក្នុងទីក្រុង ហើយរត់គេចពីអំពើហិង្សា នៅកន្លែងផ្សេងស្ទើតែគ្រប់ទីកន្លែង។
លោកបានលើកឡើងថា “ការភ័យខ្លាច គឺអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ចូលក្នុងបន្ទប់ការទូត ដើម្បីបំភ័យ វាយប្រហារ និងធានាថា មនុស្សគ្រប់គ្នាចាកចេញ នៅពេលមានឱកាសឆាប់បំផុត” ៕
ដោយ ឈូក បូរ៉ា
