ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ-១៩ នៅតែបង្កគ្រោះថ្នាក់ខ្លំាង នៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ខណៈដែលឥណ្ឌា មានអ្នកឆ្លងជំងឺសរុបកើនឡើងលើស ៣២លាននាក់ គិតត្រឹមថ្ងៃពុធ ។
ទិន្នន័យចុងក្រោយបង្អស់ ចេញដោយក្រសួងសុខាភិបាលសហព័ន្ធ បានបង្ហាញថា ករណីឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ៣២.០៣៦.៥១១នាក់ ជាមួយគ្នានេះដែរ ករណីថ្មីមាន ៣៨.៣៥៣នាក់ ដែលបានចុះក្នុងបញ្ជី ក្នុងអំឡុង ពេល២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស ។
ក្រៅពីនេះ ចំនួន៤៩៧នាក់ បានស្លាប់ត្រូវបានកត់ត្រា ចាប់តាំងពីព្រឹកថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនដល់ ៤២៩.១៧៩នាក់ ។ អ្នកជំងឺដែលកំពុងបន្ត សម្រា្កកព្យាបាលនៅក្នុងប្រទេស បានថយចុះ២.១៥៧នាក់ គិតក្នុងអំឡុងពេល ២៤ម៉ោងកន្លងមកនេះ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកឆ្លងនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង៣០.៦២៥នាក់ក្នុងអំឡុងពេល១ថ្ងៃ ដែលនាំឲ្យកើនឡើងដល់ ៣.៧៤៩.៤៤៦នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀត ១.៥៧៩នាក់ នាំឲ្យកើនឡើងដល់ ១១២.១៩៨នាក់ ។
យោងតាមក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ៣៩.៩៣១នាក់បន្ថែមទៀត បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជំងឺសរុប ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ កើនដល់ ៣.២១១.០៧៨នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា