ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្ដេជ្ញាចូលខ្លួន ជួយបង្កើតសន្ដិភាព នៅអាហ្វហ្គានីស្ថាន

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានលើកឡើងថា អ៊ីរ៉ង់ស្វាគមន៍ចំពោះសេចក្តីប្រកាស ដែលធ្វើឡើងដោយ អតីតប្រធានាធិបតី អាហ្វហ្គានីស្ថានលោក Hamid Karzai ដើម្បីបង្កើតក្រុមប្រឹក្សាសម្របសម្រួល ហើយត្រៀមខ្លួន ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង បង្កើតសន្តិភាពរបស់ខ្លួន ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា អ៊ីរ៉ង់ស្វាគមន៍ សេចក្តីប្រកាសរបស់លោក Hamid Karzai ក្នុងនោះលោក Zarif បានលើកឡើងថា “យើងសង្ឃឹមថា វាអាចនាំទៅដល់ការសន្ទនា និងការផ្លាស់ប្តូរដោយសន្តិវិធី នៅអាហ្វហ្គានីស្ថាន” ។

កាលពីដើមខែនេះ ប្រមុខការទូតអ៊ីរ៉ង់ បានស្តីបន្ទោសគោលនយោបាយខុសឆ្គងរបស់ “មហាអំណាចបរទេស” នៅអាហ្វហ្កានីស្ថាន ចំពោះស្ថានការណ៍សន្តិសុខ ដែលកំពុងធ្លាក់ចុះ នៅក្នុងប្រទេសយ៉ាងខ្លាំង នៅក្នុងប្រទេសនេះ ។

លោក Hamid Karzai បានប្រកាសនៅយប់ថ្ងៃអាទិត្យថា មេដឹកនាំអាហ្វហ្គានីស្ថានបានបង្កើត “ក្រុមប្រឹក្សាសម្របសម្រួល” ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរ អំណាចដោយសន្តិវិធី ធានាសន្តិសុខ ច្បាប់ និងសណ្តាប់ធ្នាប់ និងបញ្ចប់ភាពវឹកវររបស់ប្រទេស។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani បានចាកចេញពីប្រទេសនៅយប់ថ្ងៃអាទិត្យ ខណៈដែលក្រុមតាលីបង់ បានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួន ចូលទៅក្នុងរដ្ឋធានីកាប៊ុល ៕

ដោយ ឈូក បូរ៉ា

To Top