ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ គ្រប់គ្រងអាហ្វហ្គានីស្ថានជាថ្មី ក្រោយ ២០ឆ្នាំពីការវាយប្រហារ ដឹកនាំដោយអាមេរិក

កាប៊ុល៖ ក្រុមតាលីបង់ បានប្រកាសជ័យជំនះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេបានកាន់កាប់ទីក្រុងកាប៊ុល ហើយប្រធានាធិបតីលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ដែលជាការកត់សម្គាល់ការវិលត្រឡប់មកកាន់អំណាចរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ២០ ឆ្នាំបន្ទាប់ពីការដកហូតអំណាចដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រុមតាលីបង់ បានលើកឡើងថាសង្គ្រាមបានបញ្ចប់នៅអាហ្វហ្គានីស្ថាន ដោយបន្ថែមថា ក្រុមនេះមិនចង់រស់នៅឯកោទៀតនោះទេ និងចង់បង្កើតទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ។

មន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមតាលីបង់ បានលើកឡើងថា ជ័យជំនះយ៉ាងឆាប់រហ័សរបស់ចលនានេះទៅលើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គឺជាជោគជ័យមួយដែលមិនអាចប្រៀបផ្ទឹមបាន។

ប៉ុន្តែលោក Abdul Ghani Baradar ប្រធានការិយាល័យនយោបាយតាលីបង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយថាការសាកល្បងពិតប្រាកដនឹងចាប់ផ្តើមនៅពេលនេះ ដោយបំពេញតាមការរំពឹងទុករបស់ប្រជាជននិងបំរើពួកគេដោយដោះស្រាយបញ្ហារបស់ពួកគេ។

បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសលោក Ashraf Ghani ដែលជាមេដឹកនាំជាប់ឆ្នោតរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោកបានជ្រើសរើសចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដើម្បីការពារការបង្ហូរឈាមបន្ថែមទៀត៕ដោយ ឈូក បូរ៉ា

To Top