ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា តើល្មមភ្ញាក់ខ្លួនហើយឬនៅ អ្នកនិយមអាមេរិក ។ ការលើកឡើងរបស់លោកនេះ ដោយភ្ជាប់រូបភាពជាច្រើន សន្លឹកបង្ហាញពីប្រជាជនអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ដែលអស់សង្ឃឹម បាននាំគ្នាប្រវេសប្រវាស ឡើងយន្តហោះយោធាអាមេរិក ហើយកងទ័ពអាមេរិក បានបាញ់ព្រមានលើអាកាស ចំពេលមានភាពច្របូកច្របល់ ដើម្បីភៀសខ្លួនពីពួកតាលីបង់។

តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកនាថ្ងៃ១៧ សីហានេះ លោក សយ សុភាព ថ្លែងថា “តើល្មមភ្ញាក់ខ្លួនហើយឬនៅ អ្នកនិយមអាមេរិក ទាំងអ្នកនយោបាយ និងសកម្មជន? រូបភាពទាំងនេះ (ស្តីពីប្រជាជនអាហ្វហ្គានីស្ថាន រាប់ពាន់ឡើងតោង យន្តហោះយោធាអាមេរិក) តើអាមេរិកយល់ដូចម្តេច ឯណាទៅការគោរពសិទ្ធិមនុស្ស?” ។

លោកថា អាមេរិក ទៅជួយអាហ្វហ្គានីស្ថាន ឬទៅឈ្លានពាន ប្លន់ទ្រព្យសម្បត្តិគេ? ប្រមូលបានទ្រព្យរបស់គេហើយរត់ រួចស្រែកថា ទាហានអាមេរិកមិនស្លាប់ ដោយសារខ្លួនទេ នៅពេលដែលអ្នកមិនចង់ប្រយុទ្ធ ។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៨នាក់ បានស្លាប់នៅអាកាសយានដ្ឋាន ក្រុងកាប៊ុល ជាកន្លែងដែលប្រជាជនអាហ្វហ្គានីស្ថាន រាប់ពាន់នាក់បាននាំគ្នា ប្រវេសប្រវាសឡើង យន្តហោះយោធាអាមេរិក ហើយកងទ័ពអាមេរិក បានបាញ់ព្រមានលើអាកាស ចំពេលមានភាពច្របូកច្របល់ ដើម្បីភៀសខ្លួនពីពួកតាលីបង់ ៕

