ព័ត៌មានអន្តរជាតិ

លោកបៃដិន៖ ស្ថានភាពកាន់តែ យ៉ាប់យ៉ឺននៅអាហ្វហ្គានីស្ថាន លាតត្រដាងលឿន ជាងអ្វី ដែលអាមេរិក រំពឹងទុក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគាំទ្រការសម្រេចចិត្ត របស់លោកក្នុងការដក កងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ខណៈដែលការទទួលស្គាល់ ការដួលរលំទីក្រុងកាប៊ុល ចំពោះក្រុមតាលីបង់ បានកើតឡើងលឿនជាងអ្វី ដែលទីក្រុងវ៉ាស៊ីនតោន បានរំពឹងទុក។

លោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ពីសេតវិមានថា“ ខ្ញុំឈរនៅពីក្រោយការ សម្រេចចិត្តរបស់ខ្ញុំ” ។ ការពិត គឺថារឿងនេះបានកើតឡើងលឿនជាងអ្វី ដែលយើងបានរំពឹងទុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

សុន្ទរកថានេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមតាលីបង់ បានបញ្ចប់ការដណ្តើមយកបានរដ្ឋធានី កាប៊ុលរបស់ប្រទេស ដែលហែកហួរដោយសង្រ្គាម កាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani បានចាកចេញពីប្រទេស។

លោក បៃដិន ដែលបានវិលត្រឡប់ មកសេតវិមានវិញពីជំរុំដេវីដ មុនកាលកំណត់បានលើកឡើងថា “ ប្រសិនបើមានការវិវត្ត កាលពីសប្តាហ៍មុន បានពង្រឹងថា ការបញ្ចប់ការចូលរួម របស់យោធាអាមេរិក នៅអាហ្វហ្គានីស្ថានឥឡូវនេះ គឺជាការសម្រេចចិត្តត្រឹមត្រូវ” ។

លោកបានលើកឡើងថា“ កងទ័ពអាមេរិក មិនអាច និងមិនគួរប្រយុទ្ធគ្នានៅក្នុងសង្រ្គាម ហើយស្លាប់នៅក្នុងសង្រ្គាម ដែលកងកម្លាំង អាហ្វហ្គានីស្ថាន មិនមានឆន្ទៈក្នុងការប្រយុទ្ធ ដើម្បីខ្លួនឯងនោះទេ” ។

ក្នុងរយៈពេលជាងមួយសប្តាហ៍ក្រុមតាលីបង់ ដែលអាមេរិកបានផ្តួលរំលំ ក្នុងឆ្នាំ២០០១ បានមកពីការដណ្តើមបានការគ្រប់គ្រង រដ្ឋធានីខេត្តដំបូងរបស់ខ្លួន រហូតដល់ដណ្តើម បានទីក្រុងកាប៊ុលវិញ ។

ដោយលើកឡើងថា លោកមានឆន្ទៈក្នុងការរិះគន់ជុំវិញការសម្រេចចិត្តដកកងទ័ពលោក បៃដិន ក៏បានស្តីបន្ទោសមេដឹកនាំកំពូល អាហ្វហ្គានីស្ថាន កងកម្លាំងអាហ្វហ្គានីស្ថាន និងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ចំពោះវិបត្តិនៅអាហ្វហ្គានីស្ថាន ៕
ដោយ ឈូក បូរ៉ា

To Top