ព័ត៌មានអន្តរជាតិ

ក្រុមមេដឹកនាំ ពិភពលោកជំរុញតាលីបង់ ឲ្យអនុញ្ញាតអ្នកប្រឆាំង ចេញពីប្រទេស និងការពារស្ត្រី

បរទេស៖ ប្រតិកម្មចំពោះការ កាន់កាប់របស់ពួកតាលីបង់ លើប្រទេសអាហ្វហ្គានីស្ថាន បានកើតមានពីជុំវិញពិភពលោក នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយភាគច្រើនបានជំរុញ ឲ្យពួកសកម្មប្រយុទ្ធ អនុញ្ញាតឲ្យអ្នកដែលចង់ចាកចេញ បានធ្វើដំណើរចាកចេញ និងឲ្យការពារសិទ្ធិស្ត្រីនិងក្មេងស្រី។

នៅអង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ António Guterres បានបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំង ស្តីពីស្ថានភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយក្នុងសារធ្វីតធ័រមួយ កាលពីថ្ងៃអាទិត្យ លោកបានជំរុញពួកតាលីបង់ និងក្រុមដទៃទៀតទំាងអស់ ឲ្យប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ដើម្បីការពារអាយុជីវិត និងធានាថា តម្រូវការមនុស្សជាតិ អាចបំពេញបាន។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក António Guterres បានសរសេរយ៉ាងដូច្នេះថា “អង្គការសហប្រជាជាតិ នៅតែប្តេជ្ញាចូលរួម ចំពោះដំណោះស្រាយដោយសន្តិវិធី និងលើកកម្ពស់សិទ្ធិមនុស្ស របស់ពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់” ។

នៅក្នុងទីក្រុងព្រួចសែល សេចក្តីថ្លែងការណ៍រួមមួយ ដែលចេញប្រធានគោល នយោបាយបរទេសសហភាពអឺរ៉ុប លោក Josep Borrell និងចុះហត្ថលេខាដោយប្រទេសចំនួន៤០ បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ គោរពនិងសម្របសម្រួល ឲ្យធ្វើដំណើរចាកចេញយ៉ាង មានសុវត្ថិភាពនិងមានសណ្ដាប់ធ្នាប់ ចំពោះជនបរទេស និងជនជាតិអាហ្វហ្គានីស្ថាន ដែលចង់ចាកចេញពីប្រទេស ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top