ព័ត៌មានអន្តរជាតិ

អាល្លឹម៉ង់ បញ្ឈប់ការផ្តល់ជំនួយ អភិវឌ្ឍន៍សម្រាប់ ប្រទេស អាហ្វហ្គានីស្ថាន

ប៊ែកឡាំង៖ រដ្ឋមន្ត្រីផ្នែកទទួលបន្ទុករបស់ប្រទេសអាល្លឺម៉ង់ បាននិយាយនៅថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់បានបញ្ឈប់ការផ្តល់ជំនួយអភិវឌ្ឍន៍ ដល់អាហ្វហ្កានីស្ថានហើយ បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមអំណាចមកវិញ។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីអភិវឌ្ឍន៍ លោក Gerd Mueller បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Rheinische Post ថា “ កិច្ចសហប្រតិបត្តិការរបស់រដ្ឋលើការអភិវឌ្ន៍ត្រូវបានផ្អាកមួយរយៈ” ។

លោកបន្តថា «យើងកំពុងធ្វើការដើម្បីជម្លៀសចេញពីអាហ្វហ្គានីស្ថាន ទាំងមន្រ្តីអភិវឌ្ឍន៍មូលដ្ឋានទាំងនោះ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដែលចង់ចាកចេញ»។

ស្ថានភាពលំបាកនៅលើដី បានបង្កើតឧបសគ្គសម្រាប់បេសកកម្មជម្លៀសដែលត្រូវបានដឹកនាំដោយកងកម្លាំងអាល្លឺម៉ង់នៅទីក្រុងកាប៊ុល។

ក្រុមមន្រ្តីបានសារភាពនៅថ្ងៃអង្គារនេះថា យន្តហោះយោធាអាឡឺម៉ង់មួយគ្រឿងបានចាកចេញពីទីក្រុងកាប៊ុលដែលមានអ្នកជម្លៀសតែ ៧ នាក់ប៉ុណ្ណោះ ខណៈដែលមនុស្សរាប់រយនាក់ បានរង់ចាំនៅលើដី ដោយសារតែសម្ព័ន្ធមិត្តដែលទទួលខុសត្រូវផ្នែកសន្តិសុខនៅព្រលានយន្តហោះ មិនអាចធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ពួកគេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top